ខេត្តសៀមរាប៖ ក្រៅពីដើមឈើប្រណិត និងដើមឈើលម្អ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បាននិងកំពុងបណ្ដុះប្រភេទ រុក្ខជាតិត្នោត ដើមរាំង ដើមស្ដៅ និងដើមអំពិលផងដែរ ដ្បិតរុក្ខជាតិទាំងនេះមានភាពធន់នឹងទឹក និងអាកាសធាតុ ដែលអាចឱ្យគេយកទៅដាំដុះនៅជើងទំនប់ និងទីទំនាបលិចទឹកបាន។
លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបណ្ដុះរុក្ខជាតិត្នោត និងដើមរាំង ជាដើម ដើម្បីទុកដាំនៅតាមជើងទំនប់បុរាណ ទំនប់ធ្វើថ្មី និងតាមបារាយណ៍ជាដើម ព្រោះរុក្ខជាតិទាំងនោះ ងាយស្រួលថែរក្សា ហើយធន់នឹងអាកាសធាតុ។ តួយ៉ាងដូចជាដើមរាំង រុក្ខជាតិនេះមានភាព លូតលាស់លឿនពេលដាំនៅតាមជើងទំនប់ជិតទឹក ហើយវាក៏អាចរស់នៅក្នុងទឹករយៈពេលយូរដល់ទៅ ៦ខែ ឬលើសនេះក៏មាន ដោយមិនបារម្ភខ្លាចងាប់ឡើយ។ ជាក់ស្ដែង តាមការបញ្ជាក់ពីលោក ញ៉ែម រស្មី អាជ្ញាធរជាតិអប្សរា បានដាំដើមរាំង និងត្នោតជិត២ពាន់ដើមនៅម្ដុំសំណង់ទ្វារទឹកតាសោម ដែលបច្ចុប្បន្នពួកវាមានភាពលូតលាត់ល្អ និងមានអាយុចន្លោះ ៥ឆ្នាំ ទៅ១០ឆ្នាំ។
ក្រៅពីជួយការពារជើងទំនប់មិនឱ្យហូរច្រោះដី ក្នុងនោះប្រភេទរុក្ខជាតិខាងលើ ក៏មានអត្ថប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ ដូចជាដើមរាំង ដើមស្ដៅ និងដើមអំពិល ពលរដ្ឋអាចអាស្រ័យផលដោយបេះធ្វើជាបន្លែសម្រាប់បរិភោគ សម្រាប់លក់ និងធ្វើជាឱសថផងដែរ។ លោក ញ៉ែម រស្មី បញ្ជាក់ថា ការបង្កើនការដាំត្នោត ជាផ្នែកមួយជួយលើកកម្ពស់រុក្ខជាតិតំណាងជាតិ និងរួមចំណែកអភិរក្សរុក្ខជាតិនេះកុំឱ្យបាត់បង់ផង។
ស្ថានីយបណ្ដុះកូនឈើក្រាំងក្រូច ជាទីតាំងដែលអាជ្ញាធរជាតិអប្សរាប្រើប្រាស់សម្រាប់បណ្ដុះប្រភេទ ដើមត្នោត ដើមរាំង ដើមស្ដៅ ដើមអំពិល និងដើមរុក្ខជាតិដទៃទៀតសរុប១៥ប្រភេទ។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៤មក អាជ្ញាធរជាតិអប្សរាបានដាំដើមរាំងសរុបប្រមាណ៣ម៉ឺនដើម និងដើមត្នោតប្រមាណ៥ពាន់ដើម។ ចំនួននេះមិនរាប់បញ្ចូលការដាំរុក្ខជាតិផ្សេងៗទៀតទេ។ តាមរបាយការណ៍ ក្នុងឆ្នាំ២០២៣កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើក្នុងឧទ្យានអង្គរជិត៣ម៉ឺនដើម និងជាង២លានដើម គិតពីឆ្នាំ២០០៤មក៕KD
អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា