ខេត្តសៀមរាប៖ នៅវេលាម៉ោង០៩ និង០០នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំបញ្ជាផ្ទាល់ នគរបាលជំនាញនៃស្នងការដ្ឋាន សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បំបែកសំណុំរឿងឃាតកម្ម និងឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ សាន សែន (អវិជ្ជមានសារធាតុញៀន) ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតភូមិចុងកៅស៊ូ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប (ប្រវត្តិទោសគ្មាន) ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងករណី អំពើហិង្សាដោយចេតនាមានស្ងានទម្ងន់ទោស ដោយមរណៈភាពនៃជនរងគ្រោះ (វាយនឹងអង្រែឈើ) កាលពីវេលាម៉ោង១៧ និង០០នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៩ និង០០នាទី នគរបាលខេត្តសៀមរាបបានទទួលសេចក្ដីរាយការណ៌ពីឈ្មោះ គឹម ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអញ្ញាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប (ត្រូវជាបងប្រុសសព)ថា ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង០០នាទី នៅចំណុចតាមបណ្ដោយផ្លូវទឹកលិច ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ប្អូនរបស់ខ្លួនដែលជារងគ្រោះឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិធ្លកណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (សព) បានស្លាប់ដោយសារមានមនុស្សវ៉ៃ ដោយជនរងគ្រោះដើរកាត់ទឹកមានជម្រៅ៤៨ស.ម រួចស្រែកប្រាប់ម្តាយថាមានគេវាយ ហើយដួលទៅក្នុងទឹក លុះមួយសន្ទុះទើបម្តាយខ្លួនចេញមកមើល ក៏ឃើញជនរងគ្រោះដួលនៅក្នុងទឹក ហើយក៏ផ្អើលឆោឡោ រួចដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ មានប្រសាសន៍បន្តថា ក្រោយពីទទួលសេចក្ដីរាយការណ៌ភ្លាមៗ លោកឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំបញ្ជា នគរបាលជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋានផ្ទាល់ ចុះធ្វើការស្រាវជ្រាវ ទើបនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង០០នាទី ទើបធ្វើឃាត់ខ្លួនជនសង្ស័យ ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រួមទាំងវត្ថុតាង អង្រែឈើប្រវែង៣៥សង់ទីម៉ែត្រ យកទៅធ្វើការសួរនាំ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ មានប្រសាសន៍បន្ថែមថា ក្រោយពីសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពវាយនឹងដៃ ព្រមទាំងយកអង្រែ វាយជនរងគ្រោះ (សព) បណ្ដាលឲ្យរងរបួសពិតប្រាកដមែន ដោយខ្លួនបានផឹកស៊ីជាមួយជនរងគ្រោះ នៅក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប បន្ទាប់មកខ្លួន និងជនរងគ្រោះក៏បានឈ្លោះប្រកែកគ្នា រហូតដល់ជនរងគ្រោះបានយកអង្រែឈើ ប្រវែង៣៥ស.ម មកបម្រុងវាយខ្លួន តែខ្លួនក៏បានចាប់អង្រែបានពីដៃជនរងគ្រោះ ហើយវាយលើជនរងគ្រោះ(សព) ចំនួន០១អង្រែ ចំត្រង់ចំណុចក្បាលផ្នែកខាងលើ បណ្ដាលឲ្យរយះចេញឈាមមកក្រៅ និងវាយជាច្រើនដៃត្រូវត្រង់ចំណុចចុងចិញ្ចីមទាំងសងខាង ,ចំណុចស្នាខាងឆ្វេង បណ្ដាលឲ្យមានស្នាមហើមជាំ ,ត្រង់បបូរមាត់ខាងក្រាម បណ្ដាលឲ្យរយះសាច់ចេញឈាមមកក្រៅ រួចក៏គេចខ្លួនរហូតដល់ពេលសមត្ថកិច្ចឃាត់ខ្លួនបាន។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍បញ្ជាក់ប្រាប់អង្គភាព Kolen Daily ថាករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបមានចំណាត់ការបន្តតាមផ្លូវច្បាប់៕KD