Friday, January 2, 2026

ក្រសួងព័ត៌មាន អំពាវនាវសារជាថ្មី ឱ្យបញ្ឈប់បន្ទាន់រាល់ការផ្សាយ ឬចែករំលែករូបភាពដែលប៉ះពាល់ដល់កងទ័ព អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាពជានិរន្តរ៍តាមបន្ទាត់ព្រំដែន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អស្នារិទ្ធមអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានថា ការផ្សាយ ឬចែករំលែកព័ត៌មាន ឬរូបភាពសពក្នុងសមរភូមិ ជាការអនុវត្តផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ ហើយជាទង្វើប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងមិនលើកគុណតម្លៃដល់កងទ័ព មិនគោរពដល់ក្រុមគ្រួសារនៃយុទ្ធជនពលីជីវិត និងការបូជាសម្រាប់បុព្វហេតុការពារជាតិ។ ទន្ទឹមនេះការផ្សាយឬចែករំលែករូបភាពសពដោយគ្មានការបិទបាំង ឬព្រិលលើរូបភាពជាទង្វើប្រាសចាកក្រមសីលធម៌ រំលោភសិទ្ធិឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប៉ះពាល់ខ្លាំងដល់អារម្មណ៍សាធារណៈ។ ក្នុងនោះដែរ មួយចំនួនតូចក៏មានការចែករំលែកតៗគ្នានូវរូបភាពស្រដៀងគ្នាដែលមានប្រភពពីគណនីក្លែងក្លាយក្រៅប្រទេស ដែលគេធ្វើឡើងក្នុងគោលបំណងអាក្រក់ផ្នែកចិត្តសាស្ត្រ បង្កឱ្យមានកំហឹងឡើងប៉ះពាល់ដល់ការគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្ន និងតទៅមុខ។ ជាងនេះទៀត ការផ្សាយ ឬចែកចាយរូបភាពដូចបានរៀបរាប់ អាចប្រឈមការទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើត្រូវបានរកឃើញថាធ្វើឡើងក្នុងចេតនាទុច្ចរិត ឬធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងការរក្សាស្ថិរភាពនយោបាយ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបន្តថា ទន្ទឹមនេះដែរក្រសួងព័ត៌មានបានសង្កេតឃើញមានការផ្សាយរបស់សារព័ត៌មានមួយចំនួន ជុំវិញស្ថានភាពកងទ័ព និងភូមិសាស្ត្រនៅសមរភូមិជួរមុខ ដោយពុំបានគិតដល់ផលវិបាកចំពោះសន្តិសុខជាតិ និងក្តីអន្តរាយដែលអាចបង្កឡើងជាយថាហេតុ ប៉ះពាល់ដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាប្រសិទ្ធភាពសម្រាប់ការវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញ និងដំណោះស្រាយសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ទាំងនេះជាទង្វើបំពានការអនុវត្តសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន និងសេចក្តីអំពាវនាវទាំងឡាយរបស់ក្រសួង ស្ថាប័នសមត្ថកិច្ច ពាក់ព័ន្ធនឹងការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន ដោយក្រមសីលធម៌ និងការទទួលខុសត្រូវ។មិនតែប៉ុណ្ណោះការអនុវត្តផ្ទុយសេចក្តីណែនាំ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលក៏ជះផលអវិជ្ជមានដល់កិច្ចខិតខំនានាក្នុងក្របខណ្ឌការទូតផ្លូវច្បាប់និងដំណើរការនៃយន្តការបច្ចេកទេសខណ្ឌសីមាទៀតផងជាពិសេសបង្កការប៉ះពាល់ដល់ការរក្សាការកសាងទំនុកចិត្តសម្រាប់សន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ជាថ្មីម្តងទៀត ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងនាមក្រសួងព័ត៌មាន សូមអំពាវនាវឱ្យបញ្ឈប់បន្ទាន់រាល់ការផ្សាយ ឬចែករំលែករូបភាពដែលប៉ះពាល់ដល់កងទ័ព និងសូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ ឱ្យចូលរួមសកម្មក្នុងការអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន និងការអំពាវនាវពាក់ព័ន្ធរបស់ក្រសួង ស្ថាប័ន ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាពជានិរន្តរ៍តាមបន្ទាត់ព្រំដែន ព្រមទាំងចូលរួមរក្សាស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គមជាតិទាំងមូល៕KD

ការិយាល័យនិពន្ធ៖ 089 948 444 ; 088 456 6648 ; 097 797 4734

‎👉 ទទួលព័ត៌មានរហ័ស៖ https://t.me/Channel_kulendailynews/69451

👉 គ្រុបផ្តល់ព័ត៌មាន៖ https://t.me/kulendailynews

ព័ត៌មានពេញនិយម