ខេត្តសៀមរាប៖ សេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា តាមការដឹកនាំបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំ ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងតែងតែមានដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងឯកឧត្តមព្រះរាជអាជ្ញា ខេត្តបន្ទាយមានជ័យ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នាចំនួន២នាក់ ត្រូវបាននគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួនពាក់ព័ន្ធបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកាប់លើជនរងគ្រោះ) នៅចំណុចផ្លូវច្រមុះជ្រូក ស្ថិតក្នុងភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ បានកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥កន្លងទៅ។សម្ថកិច្ចបន្តថា ជនសង្ស័យ ដែលត្រូវឃាត់មានឈ្មោះ ដួង ភារម្យ បន្ទាប់ពីបានធ្វើសកម្មភាព ជិះម៉ូតូចំនួន០១ គ្រឿង មានអ្នករួមដំណើរម្នាក់ តាមពីក្រោយ និងកាប់ជនរងគ្រោះឈ្មោះ ផល សំណាង មុខរបរ កសិករ រស់នៅភូមិជ្រោយនាងងួន ឃុំជ្រោយ ស្រុកស្រីស្នំ ខេត្តសៀមរាបនៅចំណុចផ្លូវច្រមុះជ្រូក ស្ថិតក្នុងភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ បណ្ដាលឱ្យរងរបួសដៃខាងឆ្វេង (ដេរចំនួន០៥ថ្នេរ) ក្រោយមក ក៏មានការប្រតាយប្រតប់គ្នាតែដោយសារមាន អ្នកនៅក្បែរកន្លែងកើតហេតុ បានមកជួយ ជនសង្ស័យនិងបក្ខពួកបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូចំនួន០១ គ្រឿង និងដាវចំនួន០១ ដើម នៅកន្លែងកើតហេតុ ហើយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានចុះ ទៅដល់កន្លែងកើតហេតុភ្លាមៗ ប្រមូលយកវត្ថុតាង និងទទួលពាក្យបណ្ដឹង ពីជនរងគ្រោះផងដែរ ។
សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលស្រុកក្រឡាញ់ និងផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប បានបើកការស្រាវជ្រាវ និងសហការជាមួយផែនការងារនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ តាមរក និងធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ដួង ភារម្យ ភេទប្រុស អាយុ២០ ឆ្នាំ នៅចំណុចភូមិត្រយ៉ូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ យកមកសាកសួរ។
ជនសង្ស័យបាន ឆ្លើយបានសារភាពថា រូបគេ និងមិត្តភក្តិម្នាក់ទៀត ពិតជាបានធ្វើសកម្មភាព ដកដាវកាប់ ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ពិតប្រាកដមែន មូលហេតុ;នៃទំនាស់ គឺបណ្ដាលមកពីភាគីជនរងគ្រោះផឹកស៊ី ប្រើពាក្យឌឺដង មកលើពួកខ្លួន ។
សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងដែលពាក់ព័ន្ធត្រូវបានដកហូតរួមមាន
-ម៉ូតូចំនួន០១គ្រឿង
-ដាវចំនួន០១ ដើម
-យើងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើឈ្មោះ ដួង ភារម្យ ជាលទ្ធផល វិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួន យើងបានកំណត់សាវតា និងកំពុងស្នើសុំដីការ តាមចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បន្ត៕KD