Wednesday, December 11, 2024

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ

ខេត្តសៀមរាប៖ ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ។ គម្រោងជួសជុលនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនិងស្ថាប័នGIZ នៃប្រទេសអាល្លឺម៉ង់។អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី ឱ្យដឹងថា បច្ចុប្បន្នរានហាល នៅប៉ែកខាងកើត នៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ ចាំបាច់ត្រូវពង្រឹងគ្រឹះ និងរចនាសម្ពន្ធឱ្យរឹងមាំឡើងវិញ ពីព្រោះ គ្រឹះរបស់រានហាលនេះ កន្លែងខ្លះទ្រុឌទ្រោមខ្លាំង កន្លែងខ្លះប្រេះបែកថ្មធ្វើឱ្យរចនាសម្ពន្ធមិនរឹងមាំ។

ចំណែកឯ បង្កាន់ដៃនាគនៅផ្នែកខាងលើរបស់រានហាលវិញ ក្រុមអ្នកបច្ចេកទេសកំពុងជួសជុលឡើងវិញទៅតាមអ្វីដែលអាចធ្វើទៅបាន។

លោក ឡុង ណារី មានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមការងារបានរើថ្ម បង្កាន់ដៃនាគខ្លះ ដែលបានរលំ និងផ្ទាំងថ្មខ្លះ បានក្រៀកញែកចេញពីគ្នា រួចហើយ ព្យាយាមរុញចូលគ្នាឡើងវិញ។ ក្នុងការជួសជុលបង្កាន់ដៃនាគនេះដែរ គឺបានប្រើកាវប្រភេទFiber Glass ដើម្បីបិទភ្ជាប់ថ្មដែលបែកឡើងវិញ ព្រមទាំងប្រើសរសៃដែកថែប ដើម្បីតភ្ជាប់តំណថ្ម និងជួយទ្រទម្ងន់ថ្មខ្លះផង។ ចំពោះបង្កាន់ដៃចាស់ខ្លះ ដែលបែករកបំណែកមិនឃើញ គឺក្រុមការងារបានប្រើថ្មថ្មីមកបិទបំពេញ ចំណែកកន្លែងខ្លះដែលបាត់ថ្ម គឺត្រូវយកថ្មថ្មីមកឆ្លាក់ហើយដាក់ជំនួស។

បច្ចុប្បន្ននេះ រានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ មានថ្មខូចខាតជាច្រើនប្រភេទ ដោយកន្លែងខ្លះថ្មបានបែកពីលើ កន្លែងខ្លះបែកពីក្រោម កន្លែងខ្លះបែកពីចំហៀង និងកន្លែងខ្លះទៀតថ្ម មានសភាពពុកផុយ ដែលទាមទារឱ្យអ្នកបច្ចេកទេសត្រូវធ្វើ់ការព្យាបាល និងដកជាតិអំបិលចេញពីថ្ម មុននឹងយកដាក់ទៅតាមកន្លែងដើមឡើងវិញ។

ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) ហើយស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់ នៅខាងត្បូងផ្លូវពីប្រដាកទៅភ្នំបូក ។ ប្រាសាទបន្ទាយសំរែមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កសាងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅពាក់កណ្តាលសតវត្សទី១២ នៃគ្រិស្តសករាជ ឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍(ព្រះវិស្ណុ) ។ ពាក្យបន្ទាយសំរែនេះមកពន្យល់ បន្ទាយ គឺមានកំពែងព័ទ្ធជុំវិញ ចំណែក សំរែ ជាតិមនុស្សអ្នកព្រៃមួយពួកកើតនៅក្នុងកម្ពុជាដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរែនេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ ហើយដែលមានស្តេច និងអ្នកបម្រើដែលជាជនជាតិសំរែរស់នៅទីកន្លែងនេះ ។ ឈ្មោះបន្ទាយសំរែនេះគឺទាក់ទងនិងប្រវត្តិពិតដែលថានៅម្តុំភូមិ ព្រះដាក់ ដែលកាលដើមឡើយ គឺមានជនជាតិសំរែរស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅព្រះដាក់នេះមានជីដូនជីតា ជាជនជាតិសំរែ ដែលគេយកមកឲ្យយាមប្រាសាទ ។ ជាពិសេស ពួកសំរែនៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរហើយប្រហែលជាមានអ្វីមួយនៅបន្ទាយសំរែនេះ ។ ដូចច្នេះ ឈ្មោះនៃប្រាសាទសំររែនេះ គឺទាក់ទង់នឹងប្រវត្តិសាស្រ្តពិតដែលទាក់ទង់ទៅនិងរឿងព្រេង និងទាក់ទង់និងទីតាំងរូបរាងរបស់ប្រាសាទនេះ៕KD

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ លោក ភោគ ជា /ក្រុមការងារជួសជុលប្រាសាទបន្ទាយសំរ៉ែ

ព័ត៌មានពេញនិយម