ខេត្តសៀមរាប៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាជាតិអប្សរា បានរៀបចំធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្របុរាណតំបន់អង្គរដល់និស្សិតសិង្ហបុរី នៃសាកលវិទ្យាល័យជាតិសិង្ហបុរីចំនួន២៦នាក់ និស្សិតកម្ពុជា នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ចំនួន១៤នាក់ និងសាស្រ្តាចារ្យសិង្ហបុរីចំនួន១នាក់ សរុបចំនួន៤១នាក់ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានសណ្តាប់ធ្នាប់។ លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ មានប្រសាសន៍ថា បទបង្ហាញនេះ បានលើកឡើងនូវជីវប្រវត្តិនៃតំបន់អង្គរ ចាប់ពីការរីកចម្រើនខ្ពង់ខ្ពស់ រហូតដល់សម័យកាលបោះបង់ចោលទីក្រុងអង្គរ ដែលនាំឱ្យមានកង្វះការជួសជុលថែទាំ ធ្វើឱ្យប្រព័ន្ធធារាសាស្ត្របុរាណរងការខូចខាត ឈប់ដំណើរការ។ លោក ឡៃ ប៉ូទី បន្ថែមថា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ការងារជួសជុលស្តារប្រព័ន្ធធារាសាស្ត្របុរាណ ដែលអត់ដំណើរការជាង៥០០ឆ្នាំ ឱ្យមានដំណើរការឡើងវិញ និងអាចគ្រប់គ្រងចាត់ចែងទឹកបានប្រើប្រាស់គ្រប់គ្រាន់ពោល គឺនៅរដូវប្រាំងឱ្យមានទឹកជាប្រចាំ ហើយនៅរដូវវស្សា គឺការពារកុំឱ្យមានទឹកជំនន់ទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាបទាំងមូលដែរ។
លោក ឡៃ ប៉ូទី ឱ្យដឹងទៀតថា ការធ្វើបទបង្ហាញនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការចែករំលែកបទពិសោធន៍ការងារក្នុងតំបន់បេតិកភណ្ឌ និងចំណេះដឹងការគ្រប់គ្រងទឹក និងការស្តារប្រព័ន្ធធារាសាស្ត្របុរាណនៅតំបន់អង្គរ ឱ្យមានដំណើរការឡើងវិញ ព្រោះថា ប្រទេសជិតខាងមានការចាប់អារម្មណ៍ខ្លាំងទៅលើកិច្ចការងារគ្រប់គ្រង អភិរក្សប្រព័ន្ធធារាសាស្ត្រនៅក្នុងតំបន់អង្គរយើង និងបានផ្សព្វផ្សាយនូវកេរដំណែលរបស់ដូនតាយើងនាសម័យអង្គរដែលមានភាពល្បីល្បាញឈានដល់កម្រិតកំពូលផ្នែកធារាសាស្រ្ត ដែលមានដូចជា បារាយណ៍ស្តុកទឹក ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង។ នេះជាការចែករំលែកចំណេះដឹងដល់និស្សិតខ្មែរ និងនិស្សិតប្រទេសសិង្ហបុរី ឱ្យយល់ដឹងបច្ចេកវិទ្យាបុរាណរបស់ខ្មែរមានភាពទំនើបបែបណា បើធៀបទៅនឹងប្រទេសទូទាំងពិភពលោកក្នុងអំឡុងសតវត្សរ៍ទី៩ ទី១០ ដល់សតវត្សរ៍ទី១៥ ក្នុងសម័យអង្គរ ដែលរុងរឿងលើគ្រប់វិស័យ ពិសេសការរៀបចំប្រព័ន្ធធារាសាស្ត្រ បើធៀបទៅបណ្តាតំបន់ផ្សេងៗ គឺចក្រភពខ្មែរមុនគេ។
បន្ទាប់ពីធ្វើបទបង្ហាញរួច អាជ្ញាធរជាតិអប្សរា បានដឹកនាំនិស្សិតទៅសិក្សាស្វែងយល់ដោយផ្ទាល់នូវប្រព័ន្ធធារាសាស្ត្រមួយចំនួនសំខាន់ៗនៅក្នុងតំបន់អង្គរ ដែលអាជ្ញាធរជាតិអប្សរា បានជួសជុល និងស្តារឡើងវិញ។ ស្វែងយល់ពីរបៀបចាត់ចែងប្រព័ន្ធទឹក ប្រភពទឹកបង្ហាញថា រដូវប្រាំងជារដូវរីងស្ងួតទូទាំងប្រទេស តែក្នុងតំបន់អង្គរអាចរក្សាទឹកបានជាប្រចាំ៕KD
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក សឿន ប៊ុនស៊រ