Thursday, November 21, 2024

ប្រាសាទកោះកេរ ត្រូវបានដើមឈើដ៍ធំដួលរលំលើ គួរឲ្យសង្វេគ មិនទាន់ឃើញអាជ្ញាធរធ្វើការកាត់ចេញនៅឡើយទេ

ខេត្តព្រះវិហារ៖ ប្រាសាទកោះកេរ ស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានដើមស្រឡៅមួយដើមធំដួលរលំលើ គួរឲ្យសង្វេគ។ នេះបើយោងតាមការឱ្យដឹងពី ប្រជាពលរដ្ឋដែលបានទៅទស្សនាប្រាសាទនេះ នៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២៤។ ប្រជាពលរដ្ឋថា ប្រាសាទបុរាណខ្មែរបែកបាក់ខូចខាតដោយសារកត្តា ធម្មជាតិ សង្រ្គាមសាសនា និងសង្រ្គាមសុីវិល ដោយឡែកបច្ចុប្បន្ននេះនៅតែបន្តបាក់បែកខូចខាតដោយកត្តាធម្មជាតិ ។

ប្រជាពលរដ្ឋបន្តថា កាលពីវេលាម៉ោងប្រហែល ១៩ និង ០០យប់ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៤ កន្លងទៅ មានខ្យល់បក់ខ្លាំងនៅម្តុំប្រាសាទកោះកេរ បានធ្វើឲ្យដើមស្រឡៅធំៗរលំដួល ប៉ះប្រាសាទកោះកេរ (ប្រាសាទធំ) ធ្វើឲ្យប្រាសាទខូចខាតផ្នែកខ្លះៗ និងមួយដើមទៀតដួលរលំស្ទើរតែប៉ះត្រូវប្រាង្គប្រាសាទក្រហមផងដែរ។
ប្រភពបញ្ជាក់ថា មិនមានអ្នករងរបួសនោះដែរដោយសារដើមឈើទាំងនោះដួលរលំ នៅពេលយប់ ទើបបណ្ដាលឱ្យមានការខូចខាតតែប្រាសាទប៉ុណ្ណោះ។ប៉ុន្តែប្រសិនបើដួលរលំនៅពេលថ្ងៃ ដែលមានភ្ញៀវអញ្ជើញមកទស្សនាវិញនោះ ប្រហែលជាអ្នកបង្កគ្រោះថ្នាក់ជាក់ជាមិនខាន។

ប្រភពបញ្ជាក់បន្ថែមថា រហូតមកដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២៤ នេះ ដើមស្រឡៅមួយដើមដែលបាក់ទៅលើប្រាសាទធំ មិនទាន់ឃើញអាជ្ញាធរធ្វើការកាត់ចេញនៅឡើយទេ។

មហាជនថា នេះមកពីកង្វះនូវការទទួលខុសត្រូវ របស់អាជ្ញាធរពាក់ព័ន្ធ ដែលមិនមានការពិនិត្យ កាត់ក្រីមែក និងព្យាបាលដើម និងឫស ទើបមានហានិភ័យ។
មហាជន បានធ្វើការស្នើរសុំឱ្យ អាជ្ញាធរជាតិព្រះវិហារ មេត្តាជួយពិនិត្យ នឹងធ្វើការថែទាំជាបន្ទាន់ ដើម្បី កុំឲ្យបង្កហានិភ័យ ដល់ភ្ញៀវជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនា និងជាពិសេសដល់ប្រាង្គប្រាសាទដ៏អស្ចារ្យរបស់យើង។
សូមជម្រាបជូនផងដែរថា ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ (ឆោកគគ៌្យរ) ឬផៃ្ទដីគោកគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្ត៍ មានទំហំផៃ្ទដី ១៦x១៦ គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ កោះកេរ ជាឈ្មោះទំនើបសម្រាប់ទីក្រុងដ៏សំខាន់មួយរបស់អាណាចក្រខ្មែរ។ នៅក្នុងសិលាចារឹក ទីក្រុងនេះត្រូវបានរៀបរាប់ថាជា លិង្គបុរៈ ឬ ឆោកគគ៌្យរ ។ កោះកេរ្តិ៍ ឬឆោកគគ៌្យរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ រមណីយដ្ឋានកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ប្រាសាទកោះកេរស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញមានចម្ងាយ ៤៦០គីឡូម៉ែត្រ៕KD

ព័ត៌មានពេញនិយម