ខេត្តពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យប្រើពាក្យសង្រ្កាន្តឱ្យបានទូលំទូលាយ ព្រោះពាក្យសង្រ្កាន្តមិនបានបាត់ទៅណាទេ ហើយដែលថៃចុះសង្រ្កាន្តចូលក្នុងបញ្ជីបេតិកភណ្ឌរបស់អង្កការយូណេស្កូមិនប៉ះពាល់ដល់កម្ពុជាទេ។ ការប្រកាសបែបនេះធ្វើឡើង នាឱកាសដែល សម្ដេច អញ្ជើញក្នុងពិធីសម្ភោធឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម ដែលស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៣១ មីនា ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ប្រើពាក្យសង្រ្កាន្តហ្នឹងប្រើចុះ អត់មានអីខុសទេ អត់មានពីណាយកទេ ប្រជាជនថៃក៏ប្រើសង្រ្កាន្ត នៅភូមិរបស់គាត់ សិទ្ធិរបស់គាត់ ប្រជាជនឡាវប្រើសង្រ្កាន្តនៅភូមិរបស់ឡាវមានអីខុស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តចុះបញ្ជីបេតិកភណ្ឌទាំងរូបិយ និងអរូបិយ បន្ថែមទៀត រួមទាំងសង្ក្រាន្តផងដែរ។
សូមជំរាបជូនផងដែរថា វត្តមណីរតនារាម ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីដើមឡើយ មានឈ្មោះថា «ពុទ្ធសាសនមណ្ឌលមណីរត្ន» ក្រោយមកក៍មានឈ្មោះថា «មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន» ដើម្បីសិក្សាស្វែងយល់អំពីជីវិត ឱ្យមានការរីកចម្រើន។ ក្រោយមកក្រសួងធម្មការ និងសាសនា បានស្នើរៀបចំ មណ្ឌលសិក្សាព្រះពុទ្ធសាសនា នេះឱ្យក្លាយទៅជាវត្ត ដែលមានឈ្មោះថា «វត្តមណីរតនារាម» ហើយ មណ្ឌលសិក្សាព្រះពុទ្ធសាសនា ក៍នៅតែមានឈ្មោះ “មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន” ដ៍ដែលរហូតមកដល់ពេលបច្ចុប្បន្ន។
វត្តមណីរតនារាមនេះ ចាប់តាំងពីតាំងពីកកើតវត្តនេះមកគឺ គ្មានធុងបាស់ គ្មានតន្ត្រីដែលនាំឲ្យស្រើបស្រាល – គ្មានការលក់គ្រឿងស្រវឹង ឬល្បែងអបាយមុខពេលពិធីបុណ្យទាន – មិនធ្វើរោងអ្នកតា – គ្មានការបន់ស្រន់ខ្មោច អារក្ស ព្រាយ បិសាច – គ្មានការចងអំបោះ ស ក្រហម ឬ ពណ៌អ្វីផ្សេងទាំងអស់ – គ្មានមន្តអាគមន៍ អូមអាម – គ្មានយ័ន្តកថា – គ្មានពិធីលើករាសី – គ្មានពិធីក្រុងពាលី – គ្មានពិធីពូនភ្នំខ្សាច់ផ្តាច់កម្មពៀរ – គ្មានពិធីរំដោះគ្រោះ – គ្មានពិធីសូត្រព័ទ្ធសីមា ការពារចង្រៃ – គ្មានពិធីឆាកមហាបង្សុកូលទាញក្រមានាំចង្រៃចេញពីមនុស្ស – គ្មានការបោះបាយបិណ្ឌ – គ្មានការស្រោចទឹក សូម្បីសូត្រមន្តក៏មិនរលាស់ទឹកឬបាចផ្កាចម្រើនសិរីសួស្តីអ្វីឡើយ – គ្មានកំប៉ុងជើងធូបនៅខាងមុខព្រះពុទ្ធបដិមា – គ្មានការដើររៃអង្គាសលុយកាក់យកមកកសាងវត្ត នោះដែរ ប៉ុន្តែបើកឱកាសឲ្យពុទ្ធបរិស័ទចូលមកបំពេញកុសលតាមការយល់ដឹងប៉ុណ្ណោះ៕KD