Saturday, August 23, 2025

ការតែងតាំង លោក សេង រតនា ពីបុគ្គលិកពេទ្យធម្មតា ជាប្រធានមណ្ឌលសុខភាពសំរោង ពិតជាមានការណែនាំ ចង្អុល បង្ហាញពីអតីតប្រធានមណ្ឌលសុខភាពនេះ ដែលជាពូរបស់ខ្លួនពិតប្រាកដមែន

ខេត្តសៀមរាប៖ បន្ទាប់ពីមានការផ្សាយ “មតិមិត្តអ្នកអាន” បណ្តាញសារព័ត៌មាន គេហទំព័រគូលែន ដេលី Kulen Daily News កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ថា «ការតែងតាំងប្រធានមណ្ឌលសុខភាព សំរោង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប មានភាពមិនប្រក្រតី»មក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូទ្រនិគមចេញលិខិតបំភ្លឺព័ត៌មាន តាមរយៈមន្ទីរសុខភិបាលនៃរដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ តបជាមួយខ្លឹមសារចំនួនបី គឺទី១. ការតែងតាំងមិនអោយតម្លៃអតីតភាពការងារ, ទី២. មិនលើកកម្ពស់យេនឌ័រ និងទី៣. មិនគោរពតាមអនុសាសន៍របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយបញ្ជាក់ថាការតែងតាំងបេក្ខភាព លោក សេង រតនា ជាប្រធានថ្មី នៃមណ្ឌលសុខភាពសំរោង ពិតជាបានធ្វើឡើងតាម គោលការណ៍ និងបែបបទរដ្ឋបាល ពិនិត្យល្អិតល្អន់ពីសមត្ថភាព ជាមួយនឹងការទទួលបានពីការណែនាំ ចង្អុល បង្ហាញរបស់លោក សេង សុភា អតីតប្រធានមណ្ឌលសុខភាពសំរោង ដែលមហាជនស្គាល់ថាជាពូរបស់លោក សេង រតនា ពិតប្រាកដមែន ក្រោយពេលដែលគាត់បានចូលនិវត្តន៍ និងតាមរយៈការពិភាក្សាសម្រេចរបស់ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ រដ្ឋបាលស្រុក។
ក្នុងខ្លឹមសារលិខិតនោះថា ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូទ្រនិគមថា ការតែងតាំងជាថ្នាក់ដឹកនាំ ឱ្យដឹកនាំអង្គភាព ពិសេសអង្គភាពដែលបម្រើសេវា សុខភាព សាធារណៈ គួរតែជាបេក្ខភាពដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ នវានុវត្តន៍ ដើម្បីធានាដល់ការទទួល ខុសត្រូវគ្រប់គ្រងដឹកនាំអង្គភាព ដើម្បីផ្តល់សេវាប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព និងសមភាព។
លិខិតដដែលបានបន្តថា ការតែងតាំងបេក្ខភាព លោក សេង រតនា ជាប្រធានមណ្ឌលសុខភាពសំរោង ពិតជាបានធ្វើឡើងតាម គោលការណ៍ និងបែបបទរដ្ឋបាល ពិនិត្យល្អិតល្អន់ពីសមត្ថភាព ជាមួយនឹងការទទួលបានពីការណែនាំ ចង្អុល បង្ហាញរបស់លោក សេង សុភា អតីតប្រធានមណ្ឌលសុខភាពសំរោង ក្រោយពេលដែលគាត់បានចូលនិវត្តន៍ និងតាមរយៈការពិភាក្សាសម្រេចរបស់ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ រដ្ឋបាលស្រុក ដូចខាងក្រោម៖
១-ការប្រជុំពិភាក្សារវាងថ្នាក់ដឹកនាំស្រុកប្រតិបត្តិជាមួយក្រុមប្រឹក្សាឃុំសំរោង
២-ការប្រជុំវាយតម្លៃថ្នូរផ្គងបេក្ខភាពត្រឹមត្រូវ និងតម្លាភាព
៣-ការជូនយោបល់ស្តីពីការស្នើសុំបេក្ខភាពទៅគណៈអភិបាលស្រុក
៤-ការប្រជុំវាយតម្លៃពីសំណាក់គណៈកម្មាធិការគណបក្សស្រុកសូទ្រនិគម
៥- កំណត់ហេតុប្រជុំថ្នាក់ដឹកនាំស្រុកប្រតិបត្តិសូទ្រនិគម
៦-សំណើរបស់ថ្នាក់ដឹកនាំស្រុកប្រតិបត្តិសូទ្រនិគម ជូនមន្ទីរសុខាភិបាលខេត្ត។
ចំពោះឃ្លាដែលថាមិនលើកកម្ពស់យេនឌ័រ៖ យើងខ្ញុំសូមគោរពជម្រាបជូនថា មន្ត្រីឆ្លបទាំងអស់ ការ វាយតម្លៃពីថ្នាក់ដឹកនាំស្រុកប្រតិបត្តិ បញ្ជាក់នៅពុំទាន់មាន លក្ខណសម្បត្តិគ្រប់គ្រាន់ភាពជាអ្នកដឹកនាំក្នុង បច្ចេកវិទ្យា ឌីជីថលឡើយ។
ដោយឡែកឃ្លាដែលថា៖ មិនគោរពតាមអនុសាសន៍របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល : យើងខ្ញុំសូម គោរពជម្រាបជូនថា លោកស្រី អនុប្រធានមណ្ឌលសុខភាពបច្ចុប្បន្ន មានបញ្ហាការស្តាប់មិនសូវល្អ(ត្រចៀកធ្ងន់) គុណភាព នៃការដឹកនាំមិនមានភាពរឹងមាំ មិនមាននវានុវត្តន៍ ឌីជីថល និងជាចុងក្រោយ ខ្លួនគាត់ផ្ទាល់ក៍បាន ទទួលស្គាល់ថាខ្លួនគាត់គ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលខុសត្រូវជាប្រធានមណ្ឌលសុខភាព។
លិខិតដដែលបានបញ្ជាក់ថា ចំពោះការសម្រេចរៀបចំសំណើស្នើសុំតែងតាំងបេក្ខភាព លោក សេង រតនា ជំនាញគិលានុបដ្ឋាក មធ្យម ជាប្រធានមណ្ឌលសុខភាពសំរោង ថ្នាក់ដឹកនាំស្រុកប្រតិបត្តិសូទ្រនិគមក៍បានពិនិត្យ និងតាមដាន សកម្មភាពការងារកន្លងមកយ៉ាងម៉ត់ចត់ ឃើញថា លោក សេង រតនា មានសមត្ថភាព ភាពជាអ្នកដឹកនាំ កិច្ចសហការ ទំនាក់ទំនងល្អ សកម្មនឹងការងារ ពិសេសចូលរួមក្នុងកិច្ចការងារសង្គមផង។
បន្ទាប់ពីទទួលបានលិខិតបំភ្លឺខាងលើភ្លាម អង្គភាពសារព័ត៌មាន គេហទំព័រ គូលែនដេលី បានធ្វើការទំនាក់ទំនងដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទៅនឹងការងារទាំង៦ចំណុច នៃលិខិតបំភ្លឺព័ត៌មាន៖ ចំណុចទីទី១-ការប្រជុំពិភាក្សារវាងថ្នាក់ដឹកនាំស្រុកប្រតិបត្តិជាមួយក្រុមប្រឹក្សាឃុំសំរោង គូលែនដេលី បានទំនាក់ទំនងទៅលោកស្រី ឃុន ស៊ីយ៉ុន មេឃុំសំរោង ប៉ុន្តែមិនលើកទូរសព្ទ , ចំណុចទី៣-ការជូនយោបល់ស្តីពីការស្នើសុំបេក្ខភាពទៅគណៈអភិបាលស្រុក និងចំណុចទី៤-ការប្រជុំវាយតម្លៃពីសំណាក់គណៈកម្មាធិការគណបក្សស្រុកសូទ្រនិគមនោះ លោក គឹម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម មានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា លោកផ្ទាល់ និងគណៈអភិបាលស្រុកសូទ្រនិគម មិនមានបើកកិច្ចប្រជុំ ឬទទួលលិខិតជូនយោបល់ស្ដីពីការស្នើសុំបេក្ខភាព ប្រធានមណ្ឌលសុខភាពសំរោងនោះឡើយ ហើយចំពោះការប្រជុំវាយតម្លៃពីសំណាក់គណៈកម្មាធិការបក្សស្រុកសូទ្រនិគម លោកមានប្រសាសន៍ថា មិនត្រូវយកបក្សមកពាក់ព័ន្ធជាមួយនឹងកិច្ចការងារតែងតាំងមន្ត្រីរាជការសាធារណៈនោះទេ។

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត និងជាអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តសៀមរាប មានប្រសាសន៍ឆ្លើយតបតាមទូរសព្ទ និងប្រព័ន្ធ តេលេក្រាម ជាមួយនឹងបណ្តាញសារព័ត៌មាន គេហទំព័រគូលែន ដេលី Kulen Daily News ថា៖ ពាក់ព័ន្ធនឹងនីតិវិធីនៃការគ្រប់គ្រង បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសលើការតែងតាំងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរសុ ខាភិបាល នៃរដ្ឋបាលខេត្ត ដើម្បីបំពេញប្រអប់ទំនេរ ដែលស្ថិតនៅក្រោម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ ក្រោមជាតិ រួមជាមួយលិខិតបទដ្ឋានគតិយុត្តនានាដែលនៅជាធរមាន ដោយលោក សេង រតនា អតីតជាមន្ត្រីបម្រើការងារនៅមណ្ឌលសុខភាពស្វាយលើ នៃការិយាល័យសុខាភិបា លស្រុកប្រតិបត្តិសូទ្រនិគមចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ហើយក្រោយមកចាប់ពីឆ្នាំ២០១៥ ដល់ បច្ចុប្បន្ន គាត់ជាមន្ត្រីបម្រើការងារនៅមណ្ឌលសុខភាពសំរោង នៃការិយាល័យស្រុកប្រតិបត្តិសូទ្រនិគម មាន ក្រខ័ណ្ឌជាមន្ត្រីសុខាភិបាលមធ្យមដើមខ្សែ ថ្នាក់លេខ៣ ចូលបម្រើការងារនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១២ និងមានអតីតភាពការងារ១៣ឆ្នាំ នៅក្នុងវិស័យសាធារណៈ។ នៅក្នុងរយៈពេលនៃការបំពេញការងារចាប់ពីឆ្នាំ ២០១២ រហូតដល់ពេលបច្ចុប្បន្ន និងដើម្បីធានាការផ្តល់សេវាមូលដ្ឋានសុខាភិបាលប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព និងតម្លាភាពនោះ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ សូទ្រនិគម ដែលជាអង្គភាពគ្រប់គ្រងផ្ទាល់ បានពិនិត្យ និងវាយតម្លៃតាមឋានានុក្រមលើការអនុវត្តការងារ របស់លោក សេង រតនា ឃើញថា បើទោះបីលោកជាមន្ត្រីក៏ពិតមែន តែលោកជាមន្ត្រីយកចិត្តទុកដាក់លើ ការងារ មានការទទួលខុសត្រូវខ្ពស់លើការងារដែលបានប្រគល់ជូន អនុវត្តការងារបានម៉ឺងម៉ាត់ គោរពវេលា មានសីលធម៌ល្អ មានសមត្ថភាពក្នុងការដឹកនាំ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា មានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ មានគំនិតផ្តួចផ្តើម ទំនាក់ទំនងល្អនៅក្នុងអង្គភាព និងក្រៅអង្គភាព ដែលទទួលបានការគោរព ស្រឡាញ់ពីអាជ្ញាធរនៅមូលដ្ឋាន និងពិសេសមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារ ណៈនៅក្នុងមណ្ឌលសុខភាពសំរោងផងដែរ ។

លោក លី វណ្ណ: បានបន្តថា ក្រោយពីមានការឯកភាពជាឯកច្ឆ័ន្ធតាមឋានានុក្រមពីអាជ្ញាធរមូលដ្ឋាន រហូតដល់ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តហើយនោះ រដ្ឋបាលខេត្តសៀមរាបបានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំឯកសារ ពាក់ព័ន្ធទាំងអស់របស់បេក្ខភាពស្នើសុំតែងតាំងនីមួយៗ រួចបានដាក់ឆ្លងកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បី ពិនិត្យ ពិភាក្សា វាយតម្លៃ និងបានសម្រេចចេញដីកាលេខ៖ ០២៧/២៥ ដកតត ស្តីពីការតែងតាំង និងប្រគល់ ភារកិច្ចជូនមន្ត្រីរាជការស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

លោក លី វណ្ណ: បញ្ជាក់ថា ពាក់ព័ន្ធនឹងការស្នើសុំតែងតាំង និង/ឬប្រគល់ភារកិច្ច ដើម្បីបំពេញប្រអប់ទំនេរ នៅក្នុងមុខតំណែង គ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងនិយាយមួយផ្នែកនៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់អង្គភាពផ្តល់សេ វាសុខាភិបាលមូលដ្ឋាននានា រាប់ចាប់ពីអនុប្រធាន ប្រធានមណ្ឌលសុខភាព និងមុខតំណែងផ្សេងៗទៀតនៅ ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលបានកំណត់នៅក្នុងលិខិតបទដ្ឋានគតិ យុត្តនានាជាធរមាននោះ រដ្ឋបាលខេត្តសៀមរាប បានធ្វើការពិនិត្យ ពិភាក្សា និងវាយតម្លៃយ៉ាងម៉ត់ចត់ ច្បាស់លាស់លើលក្ខណសម្បត្តិស័ក្តិសម ឧប្បនិស្ស័យសមស្រប និងគុណវុឌ្ឍគ្រប់គ្រាន់ ដោយឈរគោល ការណ៍ឯកភាព តម្លាភាព និងគណនេយ្យភាព មិនលំអៀង មុននឹងសម្រេចធ្វើការតែងតាំងមន្ត្រីរាជការលើមុខតំណែងគ្រប់គ្រងនីមួយៗស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

ទោះបីជាយ៉ាងមហាជនដែលស្រឡាញ់ពេញចិត្តអ្នកគ្រូពេទ្យ ដែលមានបទពិសោធន៍ជាង៣០ឆ្នាំ មានសម្ដីសំដៅល្អចំពោះប្រជាពលរដ្ឋ និងអ្នកជំងឺទាំងអស់ ទទួចស្នើ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ពិសេសគោរពស្នើសុំ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាន រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង អង្គភាពប្រឆាំងអំពើពុករលួយ ACU មេត្តាបញ្ជូនក្រុមអធិការកិច្ចដើម្បីស៊ើបអង្កេតរឿងនេះដោយធ្វើការវាយតម្លៃឡើងវិញ ដើម្បីផ្តល់នូវតម្លៃនៃការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីថ្នាក់ក្រោម ស្របតាម អតិតភាព, យែនឌ័រ និងអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលផង៕KD

 

ព័ត៌មានពេញនិយម