Saturday, November 23, 2024

អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ប្រាប់អំពី «ថ្មសោ» ជាគន្លឹះសម្រាប់រើថ្មជួសជុលសំណង់ប្រាសាទបុរាណ ដែលលក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងអំពីវានោះណាស់

ខេត្តសៀមរាប៖ ឯកឧត្ដម គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់អំពី«ថ្មសោ» ជាគន្លឹះសម្រាប់រើថ្មជួសជុលសំណង់ប្រាសាទបុរាណ ដែលលក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងនោះឡើយ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ឯកឧត្ដម គឹម សុធិន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្មែរបុរាណ ពិតជាមានបច្ចេកទេសខ្ពស់ ដែលសំណង់នីមួយៗអាចនៅគង់វង្សរាប់រយឆ្នាំ។ លក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងនោះឡើយ មានតែអ្នកធ្វើការផ្ទាល់ជាមួយប្រាសាទបុរាណ ទើបយល់ពីស្នាដៃដូនតា និងអាចសិក្សាយកបច្ចេកទេសនោះ ដើម្បីយកមកជួសជុល អភិរក្សរាល់សំណង់នោះឡើងវិញឱ្យបានគង់វង្សរាប់រយឆ្នាំជាបន្តទៀត»។
មុននឹង ឯកឧត្តមអគ្គនាយករង មានប្រសាសន៍យ៉ាងដូច្នេះ ឯកឧត្តមបានជម្រាបឲ្យដឹងថា «នៅគ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោ។  ថ្មសោនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា»។
ឯកឧត្ដម គឹម សុធិន បានមានប្រសាសន៍បញ្ជាក់អំពីបច្ចេកទេស នៅពេលដែលជួសជុលដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តផងដែរថា «ថ្មសោដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តជាឧទាហរណ៍។ នៅចំណុចមិនឆ្ងាយពីទីប្រសព្វនៃដំបូលដែលមានទិសទាំង៤ផ្គុំគ្នា ថ្មសោ ត្រូវបានយកមកប្រើ ដើម្បីខ្ទាស់ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោមុនគេបង្អស់ ប្រៀបដូចជាការបើកសោ ដើម្បីអាចរើថ្មផ្សេងៗទៀតបាន»៕KD

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ភោគ ជា

ព័ត៌មានពេញនិយម