ខេត្តសៀមរាប៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរាស៊ើបអង្កេត និងព្រមានអនុវត្តតាមច្បាប់ លើជនខិលខូចមួយក្រុម ដែលយាយី ទាត់ និងគ្រវែងសត្វស្វាចូលក្នុងទឹក ដើម្បីថតរូប-វីដេអូ លើសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរ ក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការយាយីធ្វើឲ្យរបួសសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កាលពីថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០២៤កន្លងទៅ។ យោងតាមលិខិតបានឱ្យដឹងថា នាពេលថ្មីៗនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វា យកជើងទាត់ និងគ្រវែងសត្វស្វាចូលក្នុងទឹក ដើម្បីថតរូបក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។
លិខិតដដែលបន្តថា ដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ បច្ចុប្បន្នមន្ទីរកសិកម្មខេត្ត កំពុងសហការជាមួយអាជ្ញាធរជាតិអប្សរា នឹងធ្វើការស៊ីបអង្កេតលើករណីជនខិលខូចមួយក្រុមតូចទាំងនោះ។
លិខិតរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៨ ចែងថា៖ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀតព្រមទាំងពងកូនរបស់វា និងមាត្រា ៩៩ចែងថាៈ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី ០១ខែទៅ ០១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានទៅ ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រឬបំផ្លាញជម្រករបស់វា។
មហាជន និងអ្នកជំនាញមានសម្ដែងនូវក្តីរីករាយឥតឧបមា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងមួយនេះ ហើយបានលើកឡើងថា «កន្លងមកមានក្រុមអ្នកធ្វើអាជីវកម្មថតវីដេអូ -រូបភាពមួយចំនួន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានសិក្សាឱ្យច្បាស់លាស់អំពី លក្ខខណ្ឌធម្មជាតិនៃសត្វស្វាទាំងនោះ ដោយអ្នកខ្លះព្យាយាមបញ្ចុកចំណីអាហារ ដល់សត្វស្វាតូច-ធំ ដើម្បីផ្ដិតយករូបភាពនិងវីដេអូ។ ដោយភ្លេចគិតថាសត្វស្វាទាំងនោះ ជាសត្វព្រៃដែលត្រូវតែអាចរស់សម្របខ្លួនទៅនឹងធម្មជាតិជុំវិញ ដោយមិនអាស្រ័យការផ្គត់ផ្គង់ ផ្ដល់អាហារពីមនុស្ស ឡើយ ហើយសត្វស្វាទាំងនោះនឹងអាចស្លាប់បាត់បង់ជីវិតទៅវិញប្រសិនបើគ្មានមនុស្សផ្ដល់ចំណែកឲ្យវា»។
មហាជន អ្នកជំនាញ រួមនិងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានទទួចស្នើរសុំឱ្យសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងបញ្ឈប់ជាបន្ទាន់ចំពោះករណីខាងលើនេះ ដើម្បីឲ្យសត្វស្វាទាំងនោះ អាចរស់នៅបានតាមបែបធម្មជាតិរបស់វា៕KD