ខេត្តសៀមរាប៖ កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World Monument Fund (WMF) បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី។
លោក សូ នៅ ជាអ្នកភូមិស្រះស្រង់ខាងត្បូង អាយុ៥៤ឆ្នាំ ដែលមានជំនាញផ្នែកដាប់ ឆ្លាក់ និងរៀបថ្មអស់រយៈពេលជាង១០ឆ្នាំ នៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរាមកហើយ មានប្រសាសន៍ថា លោកសប្បាយចិត្ត និងធ្វើការងារជួសជុលប្រាសាទបុរាណភ្នំបាខែង ទោះបីជា លោកត្រូវឡើងចុះភ្នំខុសពីការងារដែលលោកធ្លាប់ធ្វើក៏ដោយ។ លោកបន្តថា នៅការដ្ឋានជួសជុលប្រាសាទលើភ្នំបាខែង គឺក្រុមការងារបានទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្ដៅ។ ចំណែក ការងារក៏បំពេញទៅតាមជំនាញរបស់ខ្លួនមានកន្លងមក ដែលមិនមានការលំបាកអ្វីនោះឡើយ។
ដូចគ្នានេះដែរ លោក សុខ សាវ៉េត ជាអ្នកភូមិស្រះស្រង់ខាងត្បូងម្នាក់ទៀត ដែលបានបម្រើការងារជួសជុលប្រាសាទតាំងពីឆ្នាំ២០០៤ បានឱ្យដឹងដែរថា ការងារជួសជុលប្រាសាទភ្នំបាខែង មិនសូវខុសគ្នាពីការជួសជុលប្រាសាទបុរាណដទៃទៀតឡើយ។ លោក សាវ៉េត បញ្ជាក់ថា ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារប្រចាំនៅការដ្ឋានលើភ្នំបាខែង គឺមានភាពស្និទ្ធស្នាល និងចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជួសជុលអភិរក្សប្រាសាទភ្នំបាខែងបានកាន់តែប្រសើរឡើង។
លោក សូ នៅ និងលោក សុខ សាវ៉េត បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលផ្តល់ទំនុកចិត្ត និងផ្តល់ឱកាសសម្រាប់រូបលោក ក៏ដូចជា ក្រុមការងារទៅជួសជុលប្រាសាទភ្នំបាខែង និងជាលើកទី១ ដែលរូបលោក និងក្រុមការងារបានទៅជួសជុលនៅភ្នំបាខែង។ ពិសេស អង្គការមូលនិធិប្រាសាទពិភពលោក បានស្វាគមន៍យ៉ាងកក់ក្ដៅគួរឱ្យមោទនភាព។
សូមជំរាបជួនថា អង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) គឺជាអង្គការដែលផ្ដោតការងារទៅលើការការពារកេរមរតក ដ៏មានតម្លៃដោយមានការរួមបញ្ចូលនូវការរស់នៅរបស់មនុស្ស និងការកសាងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងវប្បធម៌ និងសហគមន៍នៅទូទាំងពិភពលោក។ អង្គការនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក ដែលមានការិយាល័យ និងសាខានៅក្នុងប្រទេសកម្ពុជា បារាំង ឥណ្ឌា ប៉េរូ ព័រទុយហ្គាល់ អេស្ប៉ាញ និងចក្រភពអង់គ្លេស។ ចាប់តាំងពីឆ្នាំ ១៩៦៥ ក្រុមអ្នកជំនាញ WMF បានថែរក្សាបេតិកភណ្ឌវប្បធម៌ចម្រុះរបស់ពិភពលោកដោយប្រើស្តង់ដារអន្តរជាតិខ្ពស់បំផុតនៅជាង ៧០០ កន្លែងក្នុង ១១២ ប្រទេស៕KD
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា