Friday, October 11, 2024

ទំនៀមទម្លាប់ចាប់ត្រីរួមគ្នា តាំងតែពីបូរាណ ដែលគ្មានពីរ នៅកម្ពុជា របស់ប្រជាពលរដ្ឋ ភូមិបង្កោង នៅក្រោយពេលប្រមូលផលស្រូវរួចរាល់ និងដល់ផ្ដើមខែមាឃ ឬ ឡើងមាឃ នៅតែរក្សាបានរហូតមកដល់បច្ចុប្បន្ន

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួម ហើយការចាប់នេះគឺ សម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ នៅរៀងរាល់ឆ្នាំ និងក្រោយពេលប្រមូលផលស្រូវរួចរាល់ នាដើមខែមាឃដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណរៀងមកដល់បច្ចុប្បន្ននេះ។ លោក ពេជ្រ ឃិន មេភូមិបង្កោង បានឱ្យដឹងថា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករ ដូចរៀងរាល់ឆ្នាំ ធ្វើពិធីការចាប់ត្រីរួមគ្នានេះនៅត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា ដែលអ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ។ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន ហើយត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើមតែប៉ុណ្ណោះ។

លោក មេភូមិបង្កោង បានបញ្ជាក់ទៀតថា ត្រីដែលចាប់បាននោះ មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិតាមទំនៀមបុរាណមិនដែលខកខាន។
ដោយឡែក លោកសូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង ដែលបានអញ្ជើញចូលរួមក្នុងពិធីចាប់ត្រីនេះផងដែរ បានមានប្រសាសន៍ថា រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។
លោកអភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ដូចទៅនឹងលោកមេភូមិថា ត្រីដែលចាប់បាននោះ មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិតាមទំនៀមបុរាណមិនដែលខកខាន។
ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប បានសម្ដែងនូវការសប្បាយរីករាយ ត្រេកអរជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង និងមានមោទនភាពចំពោះអ្នកភូមិនេះ ដែលបានរក្សានូវអត្តសញ្ញាណទំនៀមទម្លាប់ របស់ខ្លួន ហាក់បានចូលរួមបង្ហាញនូវសាមគ្គីភាព ភាតរភាព និងសុខដុមរមនា ដល់ប្រជាជាតិកម្ពុជា ដែលរស់ក្រោមម្លប់សន្តិភាពដ៏អមតៈនេះ។
ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ក៏បានសំណូមពរឱ្យ អ្នកភូមិបង្កោង ដែលស្ថិតនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប សូមរក្សាឲ្យបាននូវទំនៀមទម្លាប់ដ៏ល្អផូរផង់នេះ ដល់កូនចៅជំនាន់ក្រោយៗតរៀងទៅ និងដើម្បីជាអត្តសញ្ញាណរបស់ភូមិផង ជាអត្តសញ្ញាណសាមគ្គីភាព ភាតរភាព និងមោទកភាពរបស់ កម្ពុជាផង៕KD

 

 

ព័ត៌មានពេញនិយម