Tuesday, November 12, 2024

ពលរដ្ឋនៅក្នុង ក្រុង «រុនតាឯកតេជោសែន» លើកគ្នាតវ៉ារឿងប័ណ្ណសមធម៌ និងប័ណ្ណក្រីក្រ បន្ទាប់ពីទទួលបានអនុក្រឹត្យថ្មី ដែលបានកែសម្រួលអនុក្រឹត្យលេខ៨៨ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤នេះ នៅចំណុចផ្សាររុនតាឯក ដែលស្ថិតនៅក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប មានពលរដ្ឋជាច្រើនរយនាក់ ដែលបានស្ម័គ្រចិត្តចាកចេញពីលំនៅដ្ឋានដែលធ្លាប់តាំងនៅ ក្នុងរមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងក្រុងថ្មីដែលមានឈ្មោះថា «រុនតាឯក តេជោសែន» បានលើកគ្នាតវ៉ារឿងប័ណ្ណសមធម៌ និងប័ណ្ណក្រីក្រ បន្ទាប់ពីទទួលបានអនុក្រឹត្យថ្មី លេខ ៣៧១ អនក្រ.កប ដែលចុះហត្ថលេខាដោយ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពីការផ្សព្វផ្សាយរបស់លោកមេឃុំ។ ប្រជាពលរដ្ឋដែលបានប្រមូលផ្ដុំគ្នាតវ៉ាទាំងនោះ បានលើកឡើងប្រហាក់ប្រហែលគ្នាថា «កាលពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានសន្យាផ្ដល់ប័ណ្ណក្រីក្រ ប័ណ្ណសមធម៌ ជួនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តតាមការស្នើសុំរបស់រាជរដ្ឋាភិបាល ស្មោះស្ម័គ និងរាជរដ្ឋាភិបាល ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មកតាំងទីលំនៅថ្មី ក្នុងទឹកដីឃុំរុនតាឯក នូវប័ណ្ណសមធម៌ និងប័ណ្ណក្រីក្រ រយៈពេល ១០ឆ្នាំ»។

ក្រុមប្រជាពលរដ្ឋបានបន្តថា «ដល់ឥឡូវកាត់ខ្ទេចកាត់ខ្ទី ដោយពលរដ្ឋភាគច្រើនពុំបានដឹងនិងយល់ព័ត៌មានណាមួយ ដ៏ជាក់លាក់ និងទូលំទូលាយក្នុងការផ្សព្វផ្សាយពិស្តារជាមុន អ្នកក្រខ្សត់គ្នារំពឹងលើលុយនេះជាផ្នែកមួយសម្រួលលើជីវភាពខ្លះៗ ដល់ឥឡូវឲ្យគ្នាសង្ឃឹមស្អីទៀត ធ្លាក់ទឹកចិត្តបាត់ហើយ»។

ចំណែកឯប្រជាពលរដ្ឋខ្លះក៏បានលើកឡើងផងដែរថា «សម្រាប់ខ្ញុំយល់ហើយ នៅឡើយតែពលរដ្ឋដែលការយល់ពួកគាត់នៅមានកម្រិតវាទាមទារឲ្យមន្ត្រីជំនាញពន្យល់ឲ្យគាត់យល់បន្ថែម។ បើចេញតែសេចក្តីប្រកាសឲ្យពួកគាត់អានម៉េចនឹងយល់បាន។ មានន័យថាពលរដ្ឋដែលមិនមានចែងក្នុងលេខរៀងចាប់ពីលេខ២ដល់លេខ៥ បានតែតម្លៃក្បាលបណ្ណ ១២ម៉ឺនរៀលហ្នឹងឯង…»។

ក្រុមប្រជាពលរដ្ឋដែលលើកគ្នាមកតវ៉ានោះបានបញ្ជាក់ថា មូលហេតុមកពីមានការប្រែលប្រួលប្រាក់ឧបត្ថម្ភ ក្នុងអំឡុង ៣ខែចុងក្រោយ គឺចាប់ពីខែ មករា ដល់មីនា ឆ្នាំ២០២៤ ក្រោយពីមានការផ្សព្វផ្សាយគោលការណ៍ រាជរដ្ឋាភិបាល ហើយចែកខិតប័ណ្ណ របស់មេឃុំ-ចៅសង្កាត់ មេភូមិ ដល់ប្រជាពលរដ្ឋ តាមខ្នងផ្ទះ រួចមក ប្រជាពលរដ្ឋយល់ឃេីញថា ប្រាក់ដែលគាត់ទទួលបាន គឺជាកាដោះដូរលំនៅដ្ឋានពីតំបន់អង្គរទៅរុនតាឯក ដោយអត្ថប្រយោជន៍ដែលគាត់ត្រូវទទួលបានពីការឧបត្ថម្ភពីរាជរដ្ឋាភិបាលរយះពេល ១០ឆ្នាំ ដោយមិនមែនគិតថាទទួលពីកម្មវិធីកូវីត-១៩ និងសុពលភាពបណ្ណសមធម៌នោះទេ»។

ប្រជាពលរដ្ឋ បានសំណូមពរ សុំឱ្យរដ្ឋាភិបាលនៅតែបន្តឧបត្ថម្ភជាបន្តទៀតទៅតាមប្រាក់ ដែលគាត់ទទួលបានដូចប្រចាំខែកន្លងមកនៅដដែល ពីព្រោះពួកគាត់មានការលំបាកក្នុងការប្រកបអាជីវកម្មនានានៅក្នុងទីក្រុងថ្មីមួយនេះ និងជាពិសេសពួកគាត់នៅជាប់បំណុលធនាគារ ដែលសង្ឃឹមថាប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងជួយពួកគាត់បាន។

ពាក់ព័ន្ធទៅនឹងករណីនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចាត់ឱ្យតំណាងដែលមាន ឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប និងក្រុមការងារដើម្បីដោះស្រាយ និងចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ហើយជាលទ្ធផល ឯកឧត្តម សុខ ថុល បានមានប្រសាសន៍ថា ប្រជាជន បានរំសាយគ្នាហើយ។

បញ្ជាក់បន្ថែមទៀតនោះ ឯកឧត្តម សុខ ថុល ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលលើកគ្នាមកតវ៉ាទាំងនោះថា «សូមបងប្អូន អ្នករុន តាឯក ចាំថ្ងៃស្អែក វេលាម៉ោង ៨ និង ០០នាទីព្រឹក ត្រូវនឹងព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៤ ជួបគ្នានៅផ្សាររុនតាឯក ដោយមានក្រសួងពាក់ព័ន្ធ នឹងចូលរួមផងដែរ បើបងប្អូនមានបញ្ហាអ្វីអាចជំរាបសួរផ្ទាល់បាន៕នាគស

 

ព័ត៌មានពេញនិយម