Sunday, November 24, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ដល់ជយលាភីទាំង៣រូប នៃកម្មវិធី “សំណេរអង្គរ” ប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ 

ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី ៧ បាន អបអរសាទរ ដល់ជយលាភីទាំង៣រូប នៃកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ”។

ជយលាភី ដែលទទួលបានក្នុងវិញ្ញាសាសរសេរតាមអានរបស់សំណេរអង្គរនេះមានដូចជា៖

•ជយលាភីលេខ១ បេក្ខជន ចេង រតនា

•ជយលាភីលេខ២ បេក្ខជន វ៉ន វីដា

•ជយលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់ ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ព្រឹត្តិការណ៍នេះ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា ។ ការណ៍នេះ ក៏បានផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្តោតសំខាន់លើការអភិវឌ្ឍនូវមូលធនមនុស្ស ដែលជាកាតាលីករមិនអាចខ្វះបាន ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៣០ និងមហិច្ចតាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ របស់កម្ពុជា ។ នៅក្នុងមុំទី១ នៃបញ្ចកោណទី១, រដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការពង្រឹងគុណភាពវិស័យអប់រំ ដោយបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងបង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី ៧ មានការកោតសរសើរខ្ពស់ថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ក្រុមស្ថាបនិកព្រឹត្តិការណ៍សំណេរអង្គរ តំណាងដោយលោក លីម ប៊ុនហុក ក៏ដូចជាការគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អាជ្ញាធរ, សាកលវិទ្យាល័យអង្គរ, សហការី និងភាគីពាក់ព័ន្ធក្នុងការរៀបចំទាំងអស់ ដែលបានសហការបង្កើតកម្មវិធី “សំណេរអង្គរ” នាពេលនេះឡើង នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រកបដោយស្មារតីក្នុងការពង្រឹងបន្ថែមនូវចំណេះដឹងទូទៅ អត្តសញ្ញាណជាតិ សាមគ្គីភាព ក៏ដូចជាលើកតម្កើងអក្សរសាស្ត្រឱ្យកាន់ផុលផុសបន្ថែមទៀត»។

សូមរំលឹកជូនផងដែរថា សម្ដេចមហាបញ្ញាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៍ធ្លាប់បានមានប្រសាសន៍ក្នុងឱកាសសំណេះសំណាលជាមួយសិស្សជយលាភីនិទ្ទេស A ចំនួន ១ ៦៩១ នាក់ និងសិស្សចំនួន ១៨នាក់ ដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ផ្តាំផ្ញើថា “កូនខ្មែរ ត្រូវចេះភាសាខ្មែរ” »។សូមជម្រាបជូនផងដែរថា នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានរៀបចំកម្មវិធី«សំណេរអង្គរ» ឬកម្មវិធីប្រកួតសរសេរតាមអានអក្សរខ្មែរ លើកទី១ ដែលប្រារព្ធធ្វើឡើងនៅលើស្ពានហាល នៃប្រាសាទអង្គរវត្ត ដែលស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប មានបេក្ខជនចូលរួមប្រកួតជាង ៨០០អង្គ និងនាក់ បានដាក់ពាក្យចូលរួម។ ដោយកម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា អក្សរសាស្ត្រជាតិ គឺជាដួងព្រលឹងជាតិ ដូច្នេះការប្រឹងប្រែងថែរក្សា និងលើកកម្ពស់អក្សសាស្ត្រ បានន័យថា ដួងព្រលឹងនៃជនជាតិនោះនៅតែស្ថិតស្ថេរជានិច្ច។

លោកជំទាវ បានលើកឡើងថា ក្នុងសម័យអនានិគមបារាំង គេចង់កែប្រែអក្សរសាស្ត្រខ្មែរ ទៅជាអក្សរឡាតាំង ។ ប៉ុន្តែបុព្វបុរសខ្មែរ មានទាំងព្រះសង្ឃ ទាំងប្រជនជន បានខិតខំរួមគ្នាថែរក្សាអក្សរសាស្ត្រជាតិបានរហូតមកដល់ពេលនេះ ។ ដូច្នេះអក្សរជាអត្តសញ្ញាណជាតិ ។

លោកជំទាវ ភឿង សកុណា បញ្ជាក់ថា “ជាតិមួយ ប្រទេសមួយ នៅពេលអក្សររបស់ខ្លួនត្រូវបានប្រឹងប្រែងថែរក្សានិងលើកកម្ពស់ បានន័យថា ព្រលឹងនិងស្មារតីជនជាតិនោះនៅតែស្ថិតស្ថេជានិច្ចជាកាល។ យើងដែលជាកូនខ្មែរ រក្សានូវកេរមរតករបស់ដូនតា។ ដូច្នេះត្រូវរក្សាស្មារតីនេះកុំឲ្យបាត់បង់ទុកជាកេរទៅជំនាន់ក្រោយ”។

លោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងនូវការកោតសរសើរចំពោះបេក្ខជន ក៏ដូចជាមាតាបិតា អាណាព្យាបាលរបស់បេក្ខជន ដែលបានជំរុញឲ្យមានការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសំណេរអង្គរនេះ ។ លោកជំទាវ លើកឡើងថា នេះជាការសងគុណមួយចំពោះដូនតាយើង ។

កម្មវិធី សំណេរអង្គរ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ ។

យោងតាម លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធី«សំណេរអង្គរ» លើកទី១នេះ បានឲ្យដឹងថា មានបេក្ខជនចូលរួមប្រកួតជាង៨០០នាក់ បានដាក់ពាក្យចូលរួម។ លោកថា កម្មវិធី«សំណេរអង្គរ» ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជាពិសេសគឺជំរុញឱ្យប្រជាពលរដ្ឋ កែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យបានត្រឹមត្រូវ ។

បេក្ខនារី ថន កេសសរ មកពីខេត្តព្រៃវែង ជានិស្សិតផ្នែកភាសាវិទ្យា ស្លៀកក្បិនយ៉ាងស្រស់សោភា ចូលរួមប្រកួតសរសេរតាមអាន”សំណេរអង្គរ” ដែលបង្ហាញពីក្តីស្រឡាញ់ទាំងអក្សរសាស្ត្រ និងប្រពៃណីដ៏ផូរផង់ របស់ជាតិ ។ កម្មវិធី សំណេរអង្គរ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ៕នាគស

 

ព័ត៌មានពេញនិយម