ខេត្តសៀមរាប៖ សមាគមមគ្គុទ្ទេសក៌ទេសចរអង្គរ ដែលមាន លោក ខៀវ ធី ( Khieu Thy ) ចេញមកច្រានចោលនូវ ការប្រើពាក្យធ្ងន់ៗ របស់ រដ្ឋលេខាធិការ ក្រសួងពត៌មាន ទទួលបន្ទុកព័ត៌មានខេត្តសៀមរាបឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ដែលបានបង្ហោះនៅលើ ហ្វេសប៊ុក (Chea Chanboribo) ដោយដាក់ចំណងជើងថា «សូមស្តាប់
✓បញ្ហាទេសចរណ៍ដែលកើតមាននៅខេត្តសៀមរាបដែលជាផ្នែកមួយបំផ្លាញវិស័យទេសចរណ៍របស់យើងនៅទីនោះ។» និងបានធ្វើការអត្ថាធិប្បាយ ក្នុងកម្មវិធី កម្ពុជាពិត ដែលផ្សាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋថានិយាយខុសពីភាពសច្ច: នៃក្រមសីលធម៌មគ្គុទ្ទេសក៌។ នេះបើយោងតាមការង្ហោះនៅលើ ហ្វេសប៊ុកផេកផ្លូវការ របស់ សមាគមមគ្គុទ្ទេសក៌ទេសចរអង្គរ កាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
សមាគមមគ្គុទ្ទេសក៌ទេសចរអង្គរ បានបង្ហោះថា «សមាគមមគ្គុទ្ទេសក៌ទេសចរអង្គរ សូមច្រានចោល ចំពោះការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ នៃក្រសួងពត៌មាន ដែលបានប្រើពាក្យធ្ងន់ “បំផ្លាញវិស័យទេសចរណ៌របស់យើង” ដោយដាក់បន្ទុកលើមគ្គុទ្ទេសក៌និងអ្នកបើកបរ ថាបានបន្ថែមកំរ៉ៃ និងហេតុផលមួយចំនួនទៀត ដែលប្រាសចាករឿងសច្ច:ទាំងស្រុង ផ្ទុយពីការលើកឡើងនេះ មគ្គុទ្ទេសក៌ទេសចរ និងអ្នកបើកបរ (ដឹកភ្ញៀវ) មានតែបានបំពេញការងារអាជីពខ្លួនដោយការទទួលខុសត្រូវ ខិតខំថ្នាក់ថ្នម និងជួយលើកតម្កើងវិស័យទេសចរណ៌ជាតិ អោយរីកចំរើនយ៉ាងមានមោទនភាព ជាភស្តុតាងដែលមិនអាចប្រកែកបាន គឺ ទម្រង់បំពេញស្រង់មតិ (Feedbacks) ភ្ញៀវទេសចរ បានសរសើរមគ្គុទ្ទេសក៌ទេសចរកម្ពុជា ថាជាមគ្គុទ្ទេសក៌ល្អឆ្នើមដាច់គេ លើពិភពលោកទៀតផង»
បន្ថែមលើសនេះទៅទៀត លោក ខៀវ ធី ដែលជាប្រធានសមាគមមគ្គុទ្ទេសក៌ទេសចរអង្គរ បានចែករំលែកបន្តដោយបន្ថែមចំណងជើងថា «សូមច្រានចោលការ ប្រើពាក្យធ្ងន់ “បំផ្លាញវិស័យទេសចរណ៌របស់យើង” ដែលខុសពីភាពសច្ច: នៃក្រមសីលធម៌មគ្គុទ្ទេសក៌។»
សូមបញ្ជាក់ជួនផងដែរថា ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការ ក្រសួងពត៌មាន ទទួលបន្ទុកព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ក្នុងបទអត្ថាធិប្បាយ របស់ ឯកឧត្តម នៅក្នុងកម្មវិធី “កម្ពុជាពិត” ដែលបានធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទទក ថាឯកឧត្តមបានសិក្សារយះពេលប៉ុន្មានសប្តាហ៍ ដើម្បីចុះរកការពិត អំពីបញ្ហាទេសចរណ៍នេះ។
ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងពត៌មាន ទទួលបន្ទុកព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២៣ កន្លងទៅ បានសរសេរដោយចំណងជើងបន្ថែមថា «សូមស្តាប់
✓បញ្ហាទេសចរណ៍ដែលកើតមាននៅខេត្តសៀមរាបដែលជាផ្នែកមួយបំផ្លាញវិស័យទេសចរណ៍របស់យើងនៅទីនោះ។
1-បន្ថែមកំរ៉ៃជើងសារចូលទៅក្នុងសេវ៉ាផ្សេងៗរបស់ មគ្គុទ្ទេសក៍ទេសចរណ៍និងអ្នកដឹកភ្ញៀវ។
2-មគ្គុទ្ទេសក៍ និងអ្នកដឹកភ្ញៀវទេសចរណ៍ខ្លះមានគំនិតកាប់ភ្ញៀវដោយថា៖ ទេសចរណ៍គេមកស្រុកយើងតែម្តងទេ។
3-ការចាយវាយប្រាក់ដុល្លា យើងរើសយកតែក្រដាស់ប្រាក់ល្អ ចាស់ឬប្រឡាក់បន្តិចបន្តួច មិនយកទេ។
4-បុគ្គលខ្លះរកសុីលើវិស័យសេវាកម្ម និយាយពីចំណុចអវិជ្ជមាន ស្រុកយើង ប្រាប់ទៅទេសចរណ៍»។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការ ក្រសួងពត៌មាន ទទួលបន្ទុកព័ត៌មានខេត្តសៀមរាប បានចែករំលែកបទអត្ថាធិប្បាយដដែល កាលពីថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០២៣ ហាក់មានការដឹងជាមុនថា នឹងមានការប្រតិកម្ម ដោយ ឯកឧត្តមបានបន្ថែមថា « #ខ្ញុំសូមអរគុណ និងទទួលយក កាប្រតិកម្ម ត្រឡប់មកវិញ លើប្រធានបទនេះ ។
ខ្ញុំដឹងថា បញ្ហាទេសចរណ៍ នេះ រាជរដ្ឋាភិបាលកត្រូវតែប្រែចំណុចមួយចំនួនដែលលើកឡើងដោយសមាគមន៍ទេសចរណ៍ និងបញ្ហាមួយចំនួនទៀតដែលបង្កដោយមន្រ្តីអសកម្ម ។ល។
ខ្ញុំលើកឡើង៤ចំពុចខាងលើ គ្រាន់តែមានបំណងអោយយើងចូលរួមទាំងអស់គ្នា ដូជា លុយចាស់ ពិបាកចាយ នៅកម្ពុជា ។ល។
ទេសចរណ៍យើង មិនទូលាយ ដូច ថៃយួនទេ ទេសចរណ៍មកលេងយើងជាទេសចរណ៍មានព្រំដែន
ដែលរាជរដ្ឋាភិបាល លើកឡើងថា ៖ទេសចរណ៍វប្បធម៍ ធម្មជាតិ ដែលខុសពីប្រទេសជិតខាង ជាពិសេសថៃល្បីពេញពិភពលោក ខាង ស្រើបស្រាល សិច សប្បាយ ឥឡូវថៃបើកអោយប្រើប្រាស់កញ្ឆាទៀត វាកាន់តែទាក់ទាញ ពួកទេសចរណ៍ថែមទៀត។
ដូច្នេះខ្ញុំយល់ថា បញ្ហានៅកម្ពុជារបស់យើងមានច្រើនដែលយើងត្រូវចូលរួមទាំងអស់គ្នា។ សូមអរគុណ»។
ដោយឡែកយើងនៅមិនទាន់ឃើញមានការប្រតិកម្ម ពីសមាគមអ្នករត់រ៉ឺម៉ក់កង់បី សមាគមភ្នាក់ងារទេសចរណ៍ សមាគមសណ្ឋាគារ និងទេសចរណ៍ និងជាពិសេសមន្ទីរទេសចរណ៍ នៅឡើយទេ ឬមួយក៏ការលើកឡើងរបស់ឯកឧត្ដម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកព័ត៌មានខេត្តសៀមរាប ខាងលើជាការពិត? ថាតើសេវាកម្មទេសចរណ៍ គួរតែត្រូវរស់ឲ្យឆ្ងាយពីប្រាក់កម្រៃជើងសារ(Commission)? និងប្រាក់លើកទឹកចិត្ត (Tips) ដែរឬទេ? ប្រសិនបើដូច្នោះមែនតើមានមនុស្សប៉ុន្មាននាក់ ដែលសុខចិត្តបម្រើសេវាកម្មទេសចរណ៍នេះ?
អង្គភាពសារព័ត៌មានគូលែនដេលី និងរង់ចាំអ្នកជំនាញផ្នែកទេសចរណ៍ចេញមកបកស្រាយជុំវិញករណីនេះ៕នាគស