Wednesday, December 11, 2024

កន្លែងលក់សាច់ឆ្កែមួយកន្លែង នៅខាងក្រោយផ្សារដើមក្រឡាញ់ ផ្គើនទៅនឹងសេចក្ដីជូនដំណឹង របស់មន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្ត

ខេត្តសៀមរាប៖ បច្ចុប្បន្នទាំងកណ្ដាល និងជាយក្រុងសៀមរាប មានការកក្រើកឡើងវិញ នូវការបើកលក់សាច់សុនខ(ឆ្កែ) ដែលអ្នកនិយមបរិភោគហៅថា សាច់ពិសេស ហាក់ផ្គើនទៅនឹងសេចក្ដីជូនដំណឹង លេខ ២៩៣ មកខ ស.ជ.ណ របស់មន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលចុះហត្ថលេខាដោយ លោក ទា គឹមសុទ្ធ ស្ដីពីហាមឃាត់ការធ្វើជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ) ជាពិសេសកន្លែងលក់សាច់ឆ្កែគ្មានយីហោមួយកន្លែង នៅខាងជើងផ្សារដើមក្រឡាញ់ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅតែបើកលក់យ៉ាងសកម្ម ដោយមិនខ្ចីខ្វល់នឹងសេចក្ដីជួនដំណឹងរបស់អាជ្ញាធរឡើយ។ នេះបើយោងតាមការឱ្យដឹងពីប្រជាពលរដ្ឋ មកកាន់អង្គភាពសារព័ត៌មានគូលែនដេលី នៅរសៀលថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ។

អង្គភាពសារព័ត៌មានគូលែនដេលី នៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះផងដែរ ក៏បានធ្វើការទំនាក់ទំនងតាមទូរសព្ទ ទៅកាន់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដើម្បីជម្រាបសួរលោកពាក់ព័ន្ធទៅនឹងករណី ការធ្វើជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)នេះផងដែរ។

ឆ្លើយតបទៅនឹងសំណួររបស់អង្គភាពសារព័ត៌មានគូលែនដេលី ថា” តើសមត្ថកិច្ចនៅតែអនុវត្ត សេចក្ដីជូនដំណឹង លេខ ២៩៣ មកខ ស.ជ.ណ ស្ដីពីហាមឃាត់ការធ្វើជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ) ដែលឬទេ?

លោក ទា គឹមសុទ្ធ បានឆ្លើយថា “យើងនៅតែអនុវត្ត”។ លោកបន្តថា យើងបានចុះធ្វើការណែនាំជាប្រចាំ ឃើញថាសកម្មភាពជួញដូរ ដឹកជញ្ជូនមានការថយចុះ ហើយលោកថតទទួលស្គាល់ផងដែរថានៅតែមានការលួចលាក់ជួញដូរ ប៉ុន្តែនៅក្នុងកម្រិតតិចតួច។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ដរាបណាស់បងប្អូនប្រជាពលរដ្ឋរាយការណ៍អំពី ករណីមានធ្វើជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)នោះ លោកនឹងបញ្ជូនជំនាញចុះធ្វើការអនុវត្តភ្លាម។

ប្រជាពលរដ្ឋបានធ្វើការគោរពស្នើសុំ ដល់សមត្ថកិច្ចជំនាញដែលពាក់ព័ន្ធ ជាពិសេស លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មេត្តាជួយចាត់វិធានការឲ្យបានតឹងរឹង ចំពោះបុគ្គលណា ដែលនៅតែបន្ត ធ្វើជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)ទៀត ដើម្បីកុំឲ្យប៉ះពាល់ដល់មុខមាត់ខេត្តទេសចរណ៍ វប្បធម៌-ធម្មជាតិមួយនេះ និងជាពិសេសកុំឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្នុងការដែលប្រជាពលរដ្ឋធ្វើអាជីវកម្មទៅលើសត្វចិញ្ចឹម សម្លាប់បែបព្រៃផ្សៃ និងបរិភោគជាដើម។

សូមរំលឹកជូនផងដែរថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២កន្លងទៅ អង្គការ ហ្វរផរ បានរៀបចំ សិក្ខាសាលាស្តីពី ការយល់ដឹងអំពីការជួញដូរសាច់សុនខ ក្នុងខេត្តសៀមរាប ដែលជាផ្នែកមួយនៃពិព័រណ៍សត្វចិញ្ចឹមលើកដំបូងរបស់ខេត្តសៀមរាប អ្នកចូលរួមក្នុងអង្គសិក្ខាសាលានេះបានសន្យាថា នឹងធ្វើការរួមគ្នាដើម្បីបញ្ឈប់ការជួញដូរសាច់សុនខនៅកម្ពុជា ដោយមានការចូលរួមពីសំណាក់តំណាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា តំណាងក្រសួង-មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងថ្នាក់ដឹកនាំសាសនាផងដែរ ក្នុងគោលបំណង ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការជួញដូរសាច់សុនខនៅប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផលប៉ះពាល់មកលើសក្តានុពលនៃវិស័យទេសចរណ៍ និងសុខភាពមនុស្ស និងការឈឺចាប់ ដែលមិនអាចនឹកស្មានដល់ចំពោះមនុស្ស និងសត្វ ហើយអង្គសិក្ខាសាលាទាំងមួល ក៍មានសេចក្តីសោមនស្សរីករាយ តាំងចិត្តយ៉ាងរឹងមាំចូលរួមគ្នាឆ្ពោះទៅរកការបញ្ចប់អាជីវកម្មសាច់សុនខ និងឆ្មានៅកម្ពុជាផងដែរ៕នាគស

ព័ត៌មានពេញនិយម