រាជធានីភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលកំពុងកាន់តួនាទី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រាប់ឱ្យវិទ្យុអាស៊ីសេរី អនុវត្តគន្លឹះងាយៗ៥ចំណុច និងមានបេះដូងជាខ្មែរ បើចង់ឲ្យអ្នកនាំពាក្យរាជរដ្ឋាភិបាល ផ្តល់បទសម្ភាស។ មានប្រសាសន៍បែបនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ ឯកឧត្តម កាលពីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រតិកម្មតបទៅនឹងវិទ្យុអាស៊ីសេរី ដែលបានចេញផ្សាយព័ត៌មានមួយក្រោមចំណងជើងថា «មន្ត្រីនាំពាក្យរដ្ឋាភិបាលអាណត្តិថ្មីរងការរិះគន់ថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី»។
ជាការឆ្លើយតប ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ក្នុងន័យឆ្លើយតបទៅនឹងព័ត៌មានបែបវាយប្រហាររបស់វិទ្យុមួយនេះថា «បើចង់ឱ្យអ្នកនាំពាក្យផ្ដល់បទសម្ភាស មិនពិបាកទេ»។
បើតាមឯកឧត្តម ប៉ែន បូណា គន្លឹះទាំង៥ ដែលជួយបើកផ្លូវ ឱ្យអាស៊ីសេរី អាចសម្ភាសបាននោះ រួមមាន ទី១-ត្រូវគោរពច្បាប់កម្ពុជា ទី២-ត្រូវគោរពវិជ្ជាជីវៈសារព័ត៌មាន ទី៣-ត្រូវមានក្រមសីលធម៌ក្នុងការផ្សាយព័ត៌មាន ទី៤-កុំនិយាយបំផ្លើសបំភ្លៃតាមទំនើងចិត្ត និងទី៥-ឈប់ផ្សាយព័ត៌មានបែបញុះញង់ និងបន្ទាបបន្ថោកប្រទេសជាតិខ្លួនឯងតទៅទៀត។
ឯកឧត្តម ក៏បានសង្កត់ធ្ងន់ទៀតថា «ចំណុចទាំង៥ ដូចបានលើកឡើងខាងលើនេះមិនពិបាកធ្វើទេ ប្រសិនបើយើងជាអ្នកសារព័ត៌មានវិជ្ជាជីវៈ និងមានបេះដូងជាខ្មែរ»។
បើតាមឯកឧត្តម ប៉ែន បូណា ដែលមានបទពិសោធន៍ចាស់វស្សា ក្នុងវិស័យសារព័ត៌មាន និងធ្លាប់កាន់តួនាទីជាប្រធានក្លិបអ្នកកាសែតផងនោះ ព័ត៌មានរបៀបដូចដែលអាស៊ីសេរី បានផ្សាយខាងលើនេះ មិនបានឆ្លុះបញ្ចាំងពីវិជ្ជាជីវៈត្រឹមត្រូវរបស់អ្នកសារព័ត៌មានឡើយ ដោយឯកឧត្តមបានគូសបញ្ជាក់ត្រឡប់ទៅវិញថា «បានប្រើពាក្យសុទ្ធតែ «ក្រុមអ្នកសារព័ត៌មាន» តែរកអ្នកសារព័ត៌មានពិតប្រាកដមកសម្ភាសន៍មិនបាន។ នៅកម្ពុជាមានអ្នកសារព័ត៌មានរាប់ពាន់នាក់ឯណោះ ហើយពួកគេគ្មានបញ្ហាដូចពួកលោកទេ សូមកុំយកឈ្មោះពួកគេទៅប្រើ»។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃដែលរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរបម្រើជាតិមាតុភូមិ និងប្រជាជនមកនោះ ភាពមមាញឹកប្រចាំថ្ងៃ របស់ឯកឧត្តម ប៉ែន បូណា ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ រួមទាំងថ្ងៃសម្រាកបុណ្យជាតិ និងអន្តរជាតិ គឺផ្ដល់បទសម្ភាសន៍ជូនអ្នកកាសែត ទាំងតាមទូរសព្ទ តាមបណ្ដាញសង្គម និងកិច្ចសម្ភាសផ្ទាល់៕នាគស