Tuesday, November 26, 2024

ដើមរាំងជាច្រើននៅបឹងទន្លេសាប កំពុងរងការកាប់បំផ្លាញក្នុងភូមិសាស្ត្រឃុំកណ្តែក

ខេត្តសៀមរាប៖ ដើមរាំងជាច្រើន ដែលជាជំរកត្រីពងកូន ជុំវិញបឹងទន្លេសាប បាននឹងកំពុងរងការកាប់បំផ្លាញក្នុងភូមិសាស្ត្រឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នេះបើយោងតាម សេចក្ដីរាយការណ៍ ដែលភ្នាក់ងារ អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែដេលី ទើបនឹងទទួលបាននៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣នេះ។

ប្រភពបានឱ្យដឹងថា ដីព្រៃស្ថិតនៅតំបន់៣ មានដើមរាំងទឹកធំៗជាច្រើនដើម កំពង់រងការកាប់បំផ្លាញ ដើម្បីយកដីបង្កបង្កើនផល នៅចំណុចកែងដូនអី ក្នុងឃ្លាំងចង្អើរ ក្រោមទំនប់៧៨ ស្ថិតនៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពបន្តថា ការកាប់បំផ្លាញដើមរាំងទឹកធំៗជាច្រើនដើមនោះ គឺជាការកាប់រានដីព្រៃលិចទឹកក្នុងតំបន់៣ នៃបឹងទន្លេសាប ដែលរដ្ឋហាមឃាត់នេះ សង្ស័យជាប់ទាក់ទងទៅនិងអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញ ទើបអាចសកម្មភាពបទល្មើសទាំងអស់នេះមានកើតជាបន្តបន្ទាប់។

ប្រភពបន្ថែមថា ករណីកាប់បំផ្លាញទន្ទ្រាននេះ មហាជនបារម្ភថា នឹងមានផលប៉ះពាល់ដល់ដែនជម្រករបស់មច្ឆាជាតិកាន់តែខ្លាំងឡើង។ ករណីការកាប់ដើមរាំងទឹកធំៗជាច្រើននៅចំណុចខាងលើ មហាជនក៍បានលើកឡើងថា ជាលទ្ធផលនៃអសមត្ថភាព របស់សមត្ថកិច្ចពាក់ព័ន្ធ ឬក៍ជាការឃុបឃិតគ្នាជាខ្សែបណ្តោញ រវាងជនល្មើសនិងមន្ត្រីមានសមត្ថកិច្ច នេះអាចពន្យល់បានអំពីដើមចមនៃបទល្មើសកាប់បំផ្លាញដើមរាំងទឹកធំៗនៅដែនបឹងទន្លេសាប ដែលមិនអាចគ្រប់គ្រងបាន។ ប្រសិនបើបញ្ហាបណ្តាលមកពីសមត្ថកិច្ច ឯកឧត្តមអភិបាលខេត្ត រកមធ្យោបាយដើម្បីបំពេញបន្ថែមចំណុចខ្វះចន្លោះទាំងនោះដើម្បីអនុញ្ញាតឲ្យពួកគេមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ដើម្បីបំពេញការងារឲ្យបានពេញលេញ។ ប៉ុន្តែបើសិនលទ្ធផលនៃការឃុបឃិតវិញ វិធានការផ្លូវច្បាប់ត្រូវតែប្រកាន់យកឲ្យបានតឹងរ៉ឹងបំផុតដោយមិនគួរលើកលែង។

ប្រភពបញ្ជាក់ថា ឆ្លើយតបទៅនឹងករណីខាងលើ លោក ស៊ូ ប្លាតុង អភិបាល នៃគណៈស្រុកប្រាសាទបាគង បានឲ្យដឹងថា លោកបានឲ្យក្រុមការងារចុះពិនិត្យ និងហាមឃាត់មិនឲ្យមានសកម្មភាពនេះបន្តទៀត ការកាប់ដើមរាំងទឹកជាច្រើនដើមនៅតំបន់៣នោះ លោកបានកំណត់មុខសញ្ញារួចហើយដែរ តែទុកឲ្យជំនាញធ្វើការតាមនិតិវិធី។

មហាជនក៍នៅតែលើកឡើងបន្តទៀតដែលថា ជាការពិតណាស់ ការឃុបឃិតរវាងមន្ត្រីជាមួយជនល្មើស បានបង្កើតបញ្ហារាប់រយជំពូក និងបានធ្វើឲ្យកំណែទម្រង់ជាច្រើន ក្នុងនោះការកាប់បំផ្លាញដើមរាំងទឹកនេះតែម្តង។

សូមជម្រាបជួនថា ព្រៃលិចទឹកតំបន់ហាមឃាត់ដែលរដ្ឋាភិបាលបានហាម ក្នុងរយ:ពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់ដែនព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាបីតំបន់ គឺតំបន់១ តំបន់២ និងតំបន់៣។ដីនៅក្នុងតបន់១ រដ្ឋអាចចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋធ្វើជាម្ចាស់ ដីនៅតំបន់២ រដ្ឋអនុញ្ញាតឲ្យប្រជាពលរដ្ឋបង្កបង្កើនផលបាន ប៉ន្តែមិនអាចចេញប័ណ្ណកម្មសិទ្ធិឲ្យនោះទេ ចំណែកដីនៅតំបន់៣ រដ្ឋាភិបាលហាមឃាត់ដាច់ខាតមិនអនុញ្ញាតឲ្យកាប់ទន្ទ្រានទៀតនោះឡើយ៕នាគស

ព័ត៌មានពេញនិយម