Sunday, November 24, 2024

ប្រជាពលរដ្ឋថា ដើមគ្រញូងនៅតែបន្តកាប់បំផ្លាញក្នុងឧទ្យានអង្គរ ខណះអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថា ការបាត់ឈើនៅតំបន់រមណីយដ្ឋានអង្គរ មួយដើមមិនដូចទីតាំងផ្សេងដឹកទាំងឡានៗនោះទេ

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋថា ដើមគ្រញូងនៅតែបន្តកាប់បំផ្លាញក្នុងឧទ្យានអង្គរ ខណះអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថា ការបាត់ឈើនៅតំបន់រមណីយដ្ឋានអង្គរ មួយដើមមិនដូចទីតាំងផ្សេងដឹកទាំងឡានៗនោះទេ។ នេះបើយោងតាម ព័ត៌មានដែល អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី ទទួនានៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ។

ប្រជាពលរដ្ឋថា ដើមគ្រញូងមួយដើមមានមុខកាត់០.៤០ម៉ែត្រ ប្រវែងជិត ៥ ម៉ែត្រនៅភូមិមណ្ឌុល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាប់ផ្លូវក្រវ៉ាត់ឧទ្យានអង្គរ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចកាប់អារយកទៅបាត់ ដោយសុវត្តិភាពបន្សល់ទុកនៅតែចុងហើយនិងគល់។

ប្រជាពលរដ្ឋបន្តថា ជនខិលខូចដែលតែងតែលួចកាប់ដើមក្រញូងនៅក្នុងព្រៃឧទ្យានការពារអង្គរនេះ ពុំមែនជាលើកទី១នោះទេ គឺរាប់ភ្លេចដងទៅហើយដែលគេលួចកាប់បែបនេះ ជាពិសេសគឺអាជ្ញាធរអប្សរាតែម្តង មិនដែលវែកមុខបង្ក្រាបចាប់ខ្លួនជនដែលប្រព្រឹត្តមកផ្ដន្ទាទោសបានម្ដងណាឡើយ។

ប្រជាពលរដ្ឋបញ្ជាក់ថា ដើមឈើគ្រញូងទាំងនោះ គ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា។

ជុំវិញករណីនេះ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានអះអាងថា ការបាត់ឈើនៅតំបន់រមណីយដ្ឋានអង្គរ មួយដើមមិនដូចទីតាំងផ្សេងដឹកទាំងឡានៗនោះទេ។

លោក ឡុង កុសល បន្តថា ដោយយោងអនុក្រឹត្យរបស់ រដ្ឋាភិបាល ដែលទើបនឹងចេញនាពេលថ្មីៗនេះ បញ្ជាក់ថា ឧទ្យានអង្គរមិនស្ថិតក្រោមការគ្រប់គ្រង របស់អជ្ញាធរជាតិអប្សរានោះទេ តែវាស្ថិតក្រោមក្រសួងបរិស្ថាន ហើយក៍មានស្ថាប័ននគរបាលបេតិកភណ្ឌ(ស្នងការពិសេស) និងអជ្ញាធរមូលដ្ឋានដែលចូលរួមទទួលខុសត្រូវផងដែរ។

លោក ឡុង កុសល បញ្ជាក់ថា កុំឱ្យកុំឱ្យប្រើអារម្មណ៍ស្អប់ ប្រើអារម្មណ៍ខឹង ដែលអាជ្ញាធរជាតិអប្សរាដែលចុះរួសរើផ្ទះប្រជាពលរដ្ឋ ហើយចោទប្រកាន់មកលើអាជ្ញាធរអប្សរាអី សូមបងប្អូនមើលតថភាពជារួម។

ទោះបីជាយ៉ាងណាប្រភពពលរដ្ឋ នៅតែបន្តលើកឡើងថាបើពលរដ្ឋស្លូតត្រង់វិញ កុំថាឡើយដល់តែលួចកាប់ដើមឈើរស់ សូម្បីតែចូលរកអុសងាប់ក៏មិនបានដែរ ហើយបើធ្វើខ្ទមឬរោងបន្តិចបន្តួចនៅកៀនកោះចន្លោះណាក៏អាជ្ញាធរអប្សរាដឹងចុះមករូសរើខ្ទិចខ្ទីអស់ដែរ។

ចុះហេតុអ្វីដើមឈឺក្រញូងជាច្រើនដើមដែលត្រូវគេលួចកាប់អារជាបន្តបន្ទាប់កន្លងមកក៏ដូចជាបច្ចុប្បន្នពុំដែលឃើញអាជ្ញាធរអប្សរាចាប់ឃាត់នាំខ្លួនជនទាំងនោះមកដាក់ទោសទាន់តាមច្បាប់អញ្ចឹង?

មហាជនសូមស្នើរដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា មេត្តាជួយទប់ស្កាត់ផងទាន បើទុកនៅបណ្ដែតបណ្ដោយតែយ៉ាងនេះបន្តទៀតព្រៃឈើក្នុងតំបន់ឧទ្យានអនុរក្សការពារប្រាសាទអង្គរ ច្បាស់ជាវិនាសហិនហោចអស់ជាពុំខាន៕នាគស

ព័ត៌មានពេញនិយម