ខេត្តសៀមរាប៖ ថ្នីៗនេះក្រសួងសាធារណការ និង ដឹកជញ្ជួន ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានបើក កិច្ចប្រជុំពិនិត្យលទ្ធផលបឋម លើគម្រោងផ្លូវរថភ្លើងល្បឿនលឿនដំបូងបំផុតនៅកម្ពុជា មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ និងត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ។
ឯកឧត្តមស៊ុន ចាន់ថុល នឹងធ្វើការជួបពិភាក្សាជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តទៀត ហើយជំនួបពិភាក្សានេះដែរ នឹងធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅឆ្ពោះទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងពេលអនាគតឆាប់ៗ ផងដែរ។
ក្រសួងសាធារណការនិងដឹកជញ្ជួនថា គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ដោយគ្រាន់ចំណាយពេលជិះពីភ្នំពេញត្រឹម ២ម៉ោងទៅ៣ម៉ោងប៉ុណ្ណោះ ដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយ ។
ក្រសួងបន្ថែមថា ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង។ ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ។
ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានបញ្ជាក់ថា គម្រោងមួយនេះ នឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ ជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត បានយ៉ាងល្អបំផុតផងដែរ៕នាគស