ខេត្តព្រះវិហារ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថា កម្ពុជាបានឈានមកដល់បរិបទ រក្សាឈើឈរដើម្បីបង្កើនចំណូល សម្រាប់ការអភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមអនុវត្តគម្រោង រេដបូក (REDD+)។
ថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសដែលរដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ បានអញ្ជើញចុះពិនិត្យការធ្វើសារពើភណ្ឌព្រៃឈើ នៅក្នុងឡូត៍គំរូ ដើម្បីវាស់ BIOMASS គណនាបរិមាណកាបូនស្តុក នៅក្នុងព្រៃសម្រាប់ការធ្វើរេដបូក ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ត្រីជំនាញបរិស្ថាន និងអាជ្ញាធរផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបន្តថា ប្រទេសដែលមានសិទ្ធិទទួលផលពីគម្រោងរេដបូក (REDD+) គឺជាប្រទេសដែលប្រើប្រាស់ព្រៃឈើរបស់ខ្លួនប្រកបដោយនិរន្តរភាព។
ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ថា គម្រោង រេដបូក (REDD+)នេះ បានផ្តល់ផលប្រយោជន៍ជូនប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិតាមរយៈ ការកសាងផ្លូវ ការបំពាក់ប្រព័ន្ធទឹកស្អាត ការដាំដំណាំកសិកម្ម ការផ្តល់ពូជសត្វ មធ្យោបាយ និង សម្ភារសម្រាប់ការល្បាតព្រៃជាដើម។
សុំបញ្ជាក់ជូនផងដែរថា រេដបូក (REDD+)គឺជាគម្រោងយន្តការអន្តរជាតិមួយសម្រាប់ជួយទប់ស្កាត់ការបាត់បង់ រេចរិលព្រៃឈើ និងចូលរួមកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ពីឆ្នាំ២០០៧មក តាមរយៈទីផ្សារកាបូនស្ម័គ្រចិត្ត។
បច្ចុប្បន្នកម្ពុជាបាននិងកំពុងអនុវត្តគម្រោងនេះ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគីរី ខេត្តក្រចេះ (គម្រោងរេដបូកកែវសីមា) ខេត្តកោះកុង និងពោធិ៍សាត់ (គម្រោងរេដបូកក្រវាញខាងត្បូង) ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ (គម្រោងរេដបូកព្រៃទ្បង់)៕នាគស