ខេត្តសៀមរាប ៖ ខ្លោងទ្វារទិសខាងត្បូងប្រាសាទតាព្រហ្ម ដែលរលំដួលទាំងស្រុងអស់ជាច្រើនឆ្នាំមកហើយ ចាប់ផ្ដើមបង្ហាញរូបរាងដើមជាបណ្ដើរៗហើយ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា រួមសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ជួសជុលអស់ពេលជាច្រើនខែមក។ ការងារនេះ ចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០២៤ ដោយពង្រឹងគ្រឹះ និងតួខ្លោងទ្វារឡើងវិញ បន្ទាប់ពីអ្នកជំនាញបានចំណាយពេល១ឆ្នាំក្នុងការសិក្សា រុះរើថ្មតាមបច្ចេកទេសអាណាស្ទីលឡូ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា តាំងពីដើមឆ្នាំ២០២៣ ក្រុមការងារបានសិក្សា រុះរើគំនរថ្មដែលជ្រុះធ្លាក់សន្ធប់មកលើតួខ្លោងទ្វារទាំងមូល និងស្វែងរកថ្មដែលចល័តខុសពីទីតាំងដើមមកផ្គុំសាកល្បងឱ្យត្រូវតាមទីតាំងដើម ព្រមទាំងជួសជុលថ្មបាក់បែក ឬខូចខាតមួយចំនួន កំណាយបុរាណវិទ្យា ពិសោធន៍ដីគ្រឹះជាដើម។ អ្នកគ្រប់គ្រងការដ្ឋានបន្ថែមថា មកដល់ពាក់កណ្ដាលឆ្នាំ២០២៤ ក្រុមការងារបានរៀបចំជួសជុលពង្រឹងគ្រឹះខ្លោងទ្វារនិងខឿន ជញ្ជាំងមួយចំនួនតាមលំនាំឡើងវិញជាបន្តបន្ទាប់។ កិច្ចការនេះអាចរលូនទៅបានឆាប់រហ័សដោយសារតែថ្មដើមរបស់ខ្លោងទ្វារ អាចរកឃើញប្រមាណជា៩៥ភាគរយយកមកដាក់នៅទីតាំងដើមឡើងវិញ។
លោក Chitranjan Kumar បញ្ជាក់ទៀតថា ការងារជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មនេះ ត្រូវបានអភិរក្សទាំងដើមឈើផង ស្របតាមអនុសាសន៍របស់ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk)៕KD
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា