ខេត្តសៀមរាប៖ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំកម្មវិធីបិទ សិក្ខាសាលាអន្តរជាតិស្ដីពីការជួសជុល និងអភិរក្សប្រាសាទបុរាណនៅតាមបណ្ដោយផ្លូវបុរាណខាងកើត (ថ្នល់បេង) ក្រោមការឧបត្ថមថវិកាពិសេសរបស់គម្រោងមេគង្គ-ឡានឆាង។ ឯកឧត្តម ឡុង កសុល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានសម្ដែងការអបអរសាទរចំពោះសិក្ខាកាមទាំង៣០នាក់ ដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ រហូតបានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តមក៏មានសុទិដ្ឋិនិយមថា អ្នកជំនាញទាំងអស់នឹងយកចំណេះដឹងពីការសិក្សានេះ ដើម្បីបន្តអភិរក្ស នៅតំបន់បេតិកភណ្ឌតាមបណ្ដាប្រទេសរបស់ខ្លួនឱ្យបានកាន់តែប្រសើរ និងសង្ឃឹមថា នឹងមានសិក្ខាសាលាដូចនេះជាបន្តបន្ទាប់ទៀតនាពេលអនាគត។
ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានរាយការណ៍ពីលទ្ធផលនៃសិក្ខាសាលា រយៈពេល៣ថ្ងៃនេះ ដោយក្នុងនោះមានទាំងការសិក្សាជាទឹ្រស្ដី សកម្មភាពចុះតាមការដ្ឋាន និងស្វែងយល់ពីតំបន់ប្រវត្តិសាស្រ្តមួយចំនួន ដូចជាតំបន់ប្រាសាទបេងមាលា កន្លែងយកថ្ម ការដ្ឋានជួសុលនៅប្រាសាទអង្គរវត្ត បាយ័ន និងប្រាសាទភិមានអាកាសជាដើម។ល។
លោក ផាណុវ៉ាត់ ជាសិក្ខាកាមមកពីស្ថាប័ន Head of Phimai Historical Park នៃប្រទេសថៃ បានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមសិក្ខាសាលារយៈពេល៣ថ្ងៃមកនេះ។ លោក ផាណុវ៉ាត់ ថាបានស្គាល់ និងឃើញប្រាសាទខ្មែរច្រើននៅតំបន់រមណីយដ្ឋានអង្គរ ហើយលោកបានស្វែងយល់ពីការងារអភិរក្ស និងគ្រប់គ្រងតំបន់នេះកាន់តែច្រើនបន្ថែម។ មន្រ្តីអភិរក្សរូបនេះ យល់ថា ការងារអភិរក្សនៅតំបន់ប្រាសាទខ្មែរ គឺមានភាពស្រដៀងគ្នាទៅនឹងតំបន់ភិម៉ាយដែរ គឺព្យាយាមប្រើប្រាស់ថ្មចាស់ៗឱ្យអស់លទ្ធភាព។
សូមបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងបំណងផ្លាស់ប្តូរបទពិសោធន៍មួយចំនួនពីបណ្តាប្រទេសនៃអន្តរតំបន់មេគង្គ ស្តីពីការភិរក្ស និងលើកតម្លៃនៃវត្ថុបុរាណចំប៉ាប្រទេស (វៀតណាម) ប្រាសាទវត្តភូ និងការអភិរក្ស (ឡាវ) ការអភិរក្ស និងការស្តារឡើងវិញនៃប្រាសាទភិម៉ាយ (ថៃ) ការអភិរក្ស និងជួសជុលប្រាសាទក្នុងឧទ្យានអង្គរ (កម្ពុជា) ព្រមទាំងផ្តល់ចំណេះដឹង និងបច្ចេកទេសជាក់ស្តែងទាក់ទងនឹងការអភិរក្ស និងភាពស្របច្បាប់នៃប្រាសាទ ថែមទាំងចែករំលែកនូវយុទ្ធសាស្ត្រ និងការអនុវត្តល្អៗ សម្រាប់ការអភិរក្ស ការធ្វើផែនការ និងការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍ ប្រកបដោយចីរភាពនៃតំបន់បេតិកភណ្ឌវប្បធម៌៕KD
អត្ថបទ៖ នាង សំណាង
រូបភាព៖ រដ្ឋ ផល្លីន