Wednesday, December 11, 2024

កិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” រយះពេលពីរថ្ងៃ បានពិភាក្សាទៅលើប្រធានបទចំនួនបី ដែលស្របតាមចក្ខុវិស័យ របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងអង្គការយូណេស្កូ

ខេត្តសៀមរាប៖ នៅថ្ងៃទី ១២ និង ១៣ ខែសីហា ឆ្នាំ២០២៤ មានរៀបចំកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” បានពិភាក្សាទៅលើប្រធានបទចំនួនបី ដែលស្របតាមចក្ខុវិស័យ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ រវាងអង្គរ និងប្រជាជន គឺត្រូវយកទាំងពីរ និងតាមគោលបំណងរបស់ អង្គការយូណេស្កូ ដែលចង់បានការថែរក្សាការពារ ទាំងប្រាសាទបុរាណ និងប្រជាជន។ កិច្ចពិគ្រោះយោបល់ស្តីពី «ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ» នេះ បានរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីតំណាងយូនីស្កូ តំណាង icc អង្គរ ថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅសណ្ឋាគារ បាយ័នអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

កិច្ចពិភាក្សាទី១ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ កិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” បានពិភាក្សាលើបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន និងផ្ដល់មតិយោបល់ធាតុចូលជាសំណូមពរ និងដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហការការងារឱ្យកាន់តែល្អប្រសើរ ពង្រឹងប្រសិទ្ធភាពការងាររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសរក្សាឱ្យបាននូវតម្លៃលេចធ្លោជាសកលនៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ។

កិច្ចពិភាក្សាទី២ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអភិរក្សប្រាសាទ ការគ្រប់គ្រងទឹកនិងព្រៃឈើ ការស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ កំណាយបុរាណវិទ្យា កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ICC-Angkor” នៃកម្មវិធីកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” បានពិនិត្យ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា គណៈកម្មាធិការ ICC-Angkor លើកិច្ចការរក្សាតម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ តាមរយៈការថែរក្សា អភិរក្សបេតិកភណ្ឌរូបី និងបេតិកភណ្ឌអរូបី ដែលជាសមាសធាតុមិនអាចខ្វះបាននៃតំបន់ឧទ្យានអង្គរ ការគ្រប់គ្រងការសាងសង់ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីរក្សាឱ្យបាននូវបូរណភាព (Integrity) និងសភាពដើម (Authenticity) នៃ អង្គរ ការលើកកម្ពស់ជីវភាព “អ្នកស្រុកអង្គរ” តាមរយៈការបង្កើតជម្រើសមុខរបរកសិកម្ម និងសេវាទេសចរណ៍ ការថែរក្សា ជួសជុស ស្ដារ និងសាងសង់សំណង់ធារាសាស្ត្របុរាណ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ដើម្បីគ្រប់គ្រងធនធានទឹកក្នុងតំបន់សៀមរាប អង្គរ ការការពារ និងអភិរក្សជីវៈចម្រុះនៅតំបន់ឧទ្យានអង្គរ ការសម្អាត ជួសជុល និងថែទាំប្រាង្គប្រាសាទ ការធ្វើកំណាយបុរាណវិទ្យា និងការកំណត់ទីតាំងបុរាណដ្ឋាន នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ។

កិច្ចពិភាក្សាទី៣ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការរៀបចំក្រុង ប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដី និងលក្ខខណ្ឌប្រើប្រាស់ដីក្នុងតំបន់បេតិកភណ្ឌ និងការចុះបញ្ជីដីក្នុងតំបន់សៀមរាប-អង្គរ” នៃកម្មវិធីកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” បានពិនិត្យ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារចុះបញ្ជីដីរដ្ឋ ជាអាទិ៍ទីតាំងបេតិកភណ្ឌ និងបុរាណដ្ឋាន និងដីឯកជនរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប រួមជាមួយការងាររៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងពង្រឹងភាពផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស ប្រាសាទ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងជំនឿ សំដៅលើកកម្ពស់បន្ថែមទៀតនូវសេចក្ដីថ្លៃថ្នូរ កិត្តិយស កម្រិតជីវភាពរស់នៅ និងសុខុមាលភាពប្រជាពលរដ្ឋមូលដ្ឋានក្នុងតំបន់សៀមរាប-អង្គរ និងចូលរួមចំណែកលើកតម្លៃមរតកដូនតាខ្មែរ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ចង់ឃើញការឯកភាពគ្នា ទាំងស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារតំបន់រមណីយដ្ឋានអង្គរនិងមានការទទួលខុសត្រូវសម្រាប់ប្រវត្តិសាស្ត្រ។

ឯកឧត្តមថា ចាប់តាំងតែពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក រដ្ឋាភិបាលបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្តនិងធនធានជាច្រើន សម្រាប់ការពារអង្គរដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ ដែលបន្សល់ទុកនេះ ហើយនៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមរវាងខ្មែរ៤ភាគីមក រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើកិច្ចការពារអង្គរនេះមុនគេដែរ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ អាជ្ញាធរជាតិអប្សរា លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ ក្នុងកិច្ចពិគ្រោះយោបល់ ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ)ដែរនោះថា រយៈពេល៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយជប៉ុន បារាំង និងបណ្ដាប្រទេសចំនួន៣៧ផ្សេងទៀត ដែលចូលរួមពិនិត្យនិងផ្ដល់យោបល់ជាប់ជាប្រចាំនៅក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ នៅតំបន់អង្គរនិងតំបន់ដែលពាក់ព័ន្ធ ធ្វើឱ្យទទួលបានភាពជោគជ័យនិងការកាត់បន្ថយបញ្ហាប៉ះពាល់នានាជាច្រើនមកលើតម្លៃដ៏មហាសាលនៃអង្គរ ព្រមទាំងរក្សាបាននូវតម្លៃលេចធ្លោជាសកល។

អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ក៍បានមានប្រសាសន៍ផងដែរថា អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធនានា ត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលនិងអាជ្ញាធរជាតិអប្សរា លើកិច្ចការពាររមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនេះ។

រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលបានគ្របដណ្ដប់លើក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ស្រុកពួក ស្រុប្រាសាទបាគង ស្រុកបន្ទាយស្រីនិងស្រុកអង្គរធំ។

បច្ចុប្បន្ននេះ ក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រជាពលរដ្ឋរស់នៅចំនួន១១៤ភូមិ ស្មើនិង២៥ឃុំ សង្កាត់ និងមានក្បាលដីសរុបចំនួន៩៧៩១៣ក្បាលដី។

លោក សេង សោត អគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជា (គ.ស.ក.) បានលើកឡើង និងជំរុញលើកទឹកចិត្តប្រជាជនខ្មែរត្រូវស្គាល់ និងយល់ដឹងពីអង្គរ ដើម្បីបង្កើតនូវជំនឿ និងដួងព្រលឹងស្រលាញ់អង្គរ រួមគ្នាថែរក្សាអង្គរឲ្យគង់វង្សបន្តជំនាន់។

លោក Sardr Umar Alam តំណាងយូណេស្កូប្រចាំនៅកម្ពុជា ក៍បានលើកឡើងពីបំណងប្រាថ្នាក្នុងការថែរក្សាការពារ ទាំងប្រាសាទបុរាណ និងប្រជាជន។

ទាំងអស់នេះបានបញ្ជាក់ថា ប្រធានបទក្នុង កិច្ចពិភាក្សាបានផ្លែផ្កា ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញ រវាងអង្គរ និងប្រជាជន គឺត្រូវយកទាំងពីរ។

អង្គរ៖ ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌជាតិ និងជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដីនេះ ជាតំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង។ ប្រជាជន៖ រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការបម្រើ និងការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ និងគ្រប់និន្ននាការនយោបាយ ជំនឿសាសនា ដោយមិនរើសអើងពណ៌ “គ្មានប្រជាជន គឺគ្មានប្រជាជាតិដ៏ឧត្តុង្គឧត្តម្ភរបស់យើងនោះទេ”៕KD

ព័ត៌មានពេញនិយម