Wednesday, December 11, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ គឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយផងដែរ

ខេត្តសៀមរាប៖ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ គឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ មានប្រសាសន៍បែបនេះ ក្នុងអំឡុងពេលដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញក្នុងថ្ងៃទី១ នៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌអង្គរ ដែលរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងខេត្តសៀមរាប ថ្ងៃទី ១២ -១៣ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាជំហរដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាលនៃរដ្ឋសភា ដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃដំណើរការរៀបចំគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងអាទិភាពជាក់ស្តែង ដែលមិនអាចកាត់ផ្តាច់ចេញពីដំណើររបស់កម្ពុជា ដែលជារួមអាចនិយាយបានថា មានលក្ខណៈពិសេសដោយឡែក គ្មានប្រទេសណាដូចឡើយ។

សូមជម្រាបជូនផងដែរថា នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤នេះ កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌអង្គរ បានលើកយក នូវកិច្ចពិភាក្សាចំនួនពីរ៖

កិច្ចពិភាក្សាទី១ នៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” បានពិភាក្សាលើបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន និងផ្ដល់មតិយោបល់ធាតុចូលជាសំណូមពរ និងដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហការការងារឱ្យកាន់តែល្អប្រសើរ ពង្រឹងប្រសិទ្ធភាពការងាររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសរក្សាឱ្យបាននូវតម្លៃលេចធ្លោជាសកលនៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ។

កិច្ចពិភាក្សាទី២ ក្រោមប្រធានបទ “ការអភិរក្សប្រាសាទ ការគ្រប់គ្រងទឹកនិងព្រៃឈើ ការស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ កំណាយបុរាណវិទ្យា កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ICC-Angkor” នៃកម្មវិធីកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” បានពិនិត្យ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា គណៈកម្មាធិការ ICC-Angkor លើកិច្ចការរក្សាតម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ តាមរយៈការថែរក្សា អភិរក្សបេតិកភណ្ឌរូបី និងបេតិកភណ្ឌអរូបី ដែលជាសមាសធាតុមិនអាចខ្វះបាននៃតំបន់ឧទ្យានអង្គរ ការគ្រប់គ្រងការសាងសង់ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីរក្សាឱ្យបាននូវបូរណភាព (Integrity) និងសភាពដើម (Authenticity) នៃ អង្គរ ការលើកកម្ពស់ជីវភាព “អ្នកស្រុកអង្គរ” តាមរយៈការបង្កើតជម្រើសមុខរបរកសិកម្ម និងសេវាទេសចរណ៍ ការថែរក្សា ជួសជុស ស្ដារ និងសាងសង់សំណង់ធារាសាស្ត្របុរាណ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ដើម្បីគ្រប់គ្រងធនធានទឹកក្នុងតំបន់សៀមរាប អង្គរ ការការពារ និងអភិរក្សជីវៈចម្រុះនៅតំបន់ឧទ្យានអង្គរ ការសម្អាត ជួសជុល និងថែទាំប្រាង្គប្រាសាទ ការធ្វើកំណាយបុរាណវិទ្យា និងការកំណត់ទីតាំងបុរាណដ្ឋាន នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ៕KD

ព័ត៌មានពេញនិយម