Wednesday, December 11, 2024

អាជ្ញាធរជាតិអប្សរា ចេញលិខិតជូនដំណឹង ជាផ្លូវការ ស្ដីពីការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖ នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ នេះ អាជ្ញាធរជាតិអប្សរា បានចេញលិខិតជូនដំណឹង ជាផ្លូវការការ ស្ដីពីការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរាថា ការចេញនូវសេចក្តីជូនដំណឹងនេះ ដើម្បីជម្រាបជូនសាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ទាំងអស់បានជ្រាប ថាក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរំណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធ ដូចខាងក្រោម៖ ក. រាល់ការថតក្នុងគោលបំណងបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ និងត្រូវបង់ប្រាក់ ដែលរួមមាន ដូចជា៖

១-ការថតភាពយន្តខ្នាតធំ-តូចគ្រប់ប្រភេទ។

២-ការថតវីដេអូ និងរូបភាពសន្លឹក ដើម្បីផលិតចម្រៀងកាយវិការ, កម្មវិធីកម្សាន្ត, វីដេអូឯកសារ, ត្បិតពាណិជ្ជកម្ម, សៀវភៅមគ្គុទ្ទេសក៍, ការបោះពុម្ពកាតាឡុក និងទស្សនាវដ្តី ជាដើម សម្រាប់ ការផ្សព្វផ្សាយ ទាំងលក្ខណៈក្នុងស្រុក និងអន្តរជាតិ។

៣-ការថតវីដេអូ និងរូបភាពសន្លឹក ដោយឧបករណ៍ដ្រូន។

ខ. រាល់ការថតក្នុងគោលបំណងមិនបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ តែមិនត្រូវបង់ប្រាក់ ដែល មានដូចជា ការថតរបស់អង្គភាពសារព័ត៌មានផ្លូវការ ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណង ផ្សព្វផ្សាយ។

គ. រាល់ការថតទាំងឡាយណាដែលមិនមានចែងក្នុងចំណុច (ក) និង (ខ) ខាងលើ មិនតម្រូវឱ្យដាក់ពាក្យ ស្នើសុំ និងមិនចាំបាច់ត្រូវបង់ប្រាក់ ដោយរាប់បញ្ចូលទាំងការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គម (Facebook, Youtube, Tiktok…) ដោយទូរសព្ទដៃ ឬម៉ាស៊ីនថតផ្ទាល់ខ្លួននានា និងការថតរូបក្នុងសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ឬសម្លៀកបំពាក់ប្រពៃណីជាតិ ឬអន្តរជាតិ សម្រាប់ការចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន។

អាជ្ញាធរជាតិអប្សរា ក៍បានភ្ជាប់ជូននូវតារាងសេវា និងតារាងតម្លៃសេវាពាក់ព័ន្ធថ្មីរបស់អាជ្ញាធរជាតិអប្សរា ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយសម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទាក់ទងមជ្ឈមណ្ឌលសេវា កម្មនៃអាជ្ញាធរជាតិអប្សរា តាមរយៈលេខទូរសព្ទ ០១២ ៤៤៥ ០៨៨ ៕KD

ព័ត៌មានពេញនិយម