Thursday, November 21, 2024

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉ម A នៃប្រាសាទគោកពោធិ៍

ខេត្តសៀមរាប៖ បើទោះបីជាក្រុមប្រាសាទខ្លះ មានទីតាំងនៅតំបន់ឆ្ងាយៗយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ថែទាំ និងជួសជុលប្រាសាទបុរាណទាំងនោះ។ ជាក់ស្តែង ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងតួប៉ A នៃប្រាសាទគោកពោធិ៍ ដែលសាងសង់ពីឥដ្ឋ លាយជាមួយថ្មភក់ ធ្វើជាគ្រឿងលម្អ មានអាយុកាលជាង១ពាន់ឆ្នាំ ដើម្បីបន្តភាពរឹងមាំនៃប្រាសាទនេះឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា បានរងការខូចខាតខ្លាំង ទាមទារឱ្យជួសជុលសង្គ្រោះជាបន្ទាន់។ លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ ឱ្យដឹងថា ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ កំណត់ជាតួប៉មA B C និងD តែមិនស្ថិតនៅក្នុងខ្សែបន្ទាត់តែមួយឡើយ ព្រោះសាងសង់ក្នុងសម័យកាលខុសគ្នា និងក្នុងរាជ្យនៃព្រះមហាក្សត្រផ្សេងៗគ្នា។ កត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំយូរអង្វែង ជាពិសេសដើមឈើ ធ្វើឱ្យរចនាសម្ពន្ធប្រាសាទរងការបំផ្លាញ ហើយតួប្រាង្គចំនួន២ តួប្រាង្គC និងD បានរលំដួលទាំងស្រុង នៅតែប្រាង្គ A សេសសល់ជញ្ជាំងជុំវិញ និងB នៅសល់តែខឿន និងជញ្ជាំងផ្នែកខាងត្បូង។

ក្នុងជំហានទីមួយ អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉ម A ដោយក្រុមការងារបានសម្អាតរុក្ខជាតិ សម្រង់ប្លង់ ថតរូប រៀបចំឯកសារសម្អាតកំណកដី ជួសជុលពង្រឹងគ្រឹះខឿន និងជញ្ជាំង។ ប្រាសាទនេះធ្លាប់បានសម្អាត និងជួសជុលនៅសម័យបារាំងម្តងរួចមកហើយ។ ចំណែកការងារជួសជុលនេះ គ្រោងចំណាយពេលវេលា៦ខែ ចាប់ផ្តើមពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤។ អ្នកជំនាញរំពឹងថា ក្រោយការងារជួសជុលរួចរាល់ នឹងធ្វើឱ្យតួប៉មនៃប្រាសាទគោកពោធិ៍ មានភាពរឹងមាំឡើងវិញ ជាមរតកដល់អ្នកភូមិជុំវិញគោរពបូជាតាមជំនឿរហូតមក និងសម្រាប់កូនចៅជំនាន់ក្រោយ។
សូមជម្រាបថា ប្រាសាទគោកពោធិ៍ ជាក្រុមប្រាសាទមួយ មានទីតាំងស្ថិតនៅខាងជើងបារាយណ៍ទឹកថ្លា ប្រមាណជា២គីឡូម៉ែត្រ ស្ថិតក្នុងភូមិគោកពោធិ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ក្រុមប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៨ និងទី៩៕KD

អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ភោគ ជា និងសាលាបារាំងចុងបូព៌ា

ព័ត៌មានពេញនិយម