ខេត្តសៀមរាប៖ ជនជាតិ អាមេរិកកាំង ម្នាក់ត្រូវបានប្រទះឃើញស្លាប់ នៅក្នុងផ្ទះសំណាក់ ចាស្មីន ឡច Jasmine Lodge ឬ ផ្ទះសំណាក់ ផ្កាម្លិះ ដែលនៅតាមបណ្ដាយផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប កាលពីវេលាម៉ោង ២៣ និង ០០ នាទី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤ ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ WARREN BRUCE DENGEL អាយុ ៦៩ ឆ្នាំ ជនជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ ៥៦១៨៧៥១១៣ ស្នាក់នៅបណ្ដោះអាសន្នទីតាំងផ្ទះសំណាក់ ចាស្មីន ឡច Jasmine Lodge ឬ ផ្ទះសំណាក់ ផ្កាម្លិះ ដែលកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ សួង សុវណ្ណ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាអ្នកមើលថែ បានអោយដឹងថា៖ នាងខ្ញុំបានចូលមកមើលថែគាត់(សព) និងស្នាក់នៅជាមួយរូបគាត់ក្នុងផ្ទះសំណាក់មួយកន្លែងពុំស្គាល់ឈ្មោះ អស់រយៈពេល០២ឆ្នាំមកហើយ លុះដល់ចុងខែមីនា ឆ្នាំ២០២៤ គាត់បានប្តូរមកជួលបន្ទប់ក្នុងទីតាំងខាងលើអំឡុងពេលរស់នៅ ខ្ញុំបានដឹងថារូបគាត់មានជំងឺច្រើនតែពុំដឹងថាជាជំងឺអ្វីខ្លះនោះទេ ហើយគាត់ក៏ពុំដែលបានប្រាប់ដែរ ឃើញតែគាត់ពិសារថ្នាំជាប្រចាំ អំឡុងខែឧសភា ឆ្នាំ២០២៤ រូបគាត់បានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរ ចំនួន០៣យប់ តែពុំដឹងថាគាត់កើតជំងឺអ្វីនោះទេ។ លុះដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ គាត់បានដើរដួលក្នុងបន្ទប់តែម្នាក់ឯង ចាប់តាំងពីថ្ងៃនោះមកគាត់ដើរលែងកើតសម្រាកនៅតែលើគ្រែ ពេលនោះខ្ញុំបានព្យាយាមណែនាំគាត់ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យតែគាត់ពុំព្រម។ រហូតដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២០ និង ៥០នាទី ខ្ញុំបានចូលទៅមើលថែទាំគាត់ដូចសព្វដង ពេលបើកទ្វារបន្ទប់ចូលទៅស្រាប់តែឃើញ រូបគាត់ដេកបើកភ្នែកដាក់ដៃទាំង០២ អោបនៅលើដើមទ្រូង ភ្លាមនោះ ខ្ញុំបានហៅគាត់ជាច្រើនដងច្រើនសារ តែគាត់មិនឆ្លើយតបនោះទេ ឃើញដូចនោះខ្ញុំបានដើរទៅហៅបុគ្គលិកផ្ទះសំណាក់មកជួយមើលបន្ថែម ពេលបុគ្គលិកមកដល់ក៏បានព្យាយាមដាស់អង្រួនហៅម្តងទៀត តែគាត់នៅតែពុំឆ្លើយតប ទើបដឹងថាគាត់បានស្លាប់បាត់ទៅហើយ ភ្លាមនោះម្ចាស់ផ្ទះសំណាក់បានរាយការណ៌ទៅសមត្ថកិច្ច។
ប្រភពបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ ជំនាញអាចសន្និដ្ឋានបានថា ការស្លាប់របស់បុរសជនជាតិអាមេរិកកាំង ខាងលើគឺដោយសារ ក្រិនថ្លើម និងទឹកនោមផ្អែម រ៉ាំរ៉ៃ។ បច្ចុប្បន្នសាកសពបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕KD