ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រើនរំឮកដល់កងកម្លាំងទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ លើការបម្រើប្រជាពលរដ្ឋ ពិសេសលើសេវាសាធារណៈ បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង និងធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ មានប្រសាសន៍បែបនេះ ក្នុងអំឡុងពេលដែល លោកឧត្តមសេនីយ៍ទោស្នងការ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង អធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមដោយ លោក អ៊ូ ពុទ្ធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន លោក អុឹង សុភ័ណ អភិបាល នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន លោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ និងអង្គភាពដែលពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍បន្តថា មន្រ្តីនគរបាលគ្រប់រូបត្រូវតែប្រកាន់ភា្ជប់នូវឥរិយាបថល្អ យកបេះដូងមកធ្វើការងារបម្រើដល់ប្រជាពលរដ្ឋ ខិតខំសិក្សារៀនសូត្របង្កើនចំណេះវិជ្ជាថ្មីៗបន្ថែមទៀតទាក់ទងនិងការងារជំនាញរបស់ខ្លួន ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ថា កងកម្លាំងទាំងអស់ ត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ និងយកចិត្តទុកដាក់គោរពអនុវត្ត ធ្វើជាសេនាធិការឱ្យប្រធានគណៈបញ្ជាការឯកភាពក្រុង ត្រូវអនុវត្តឱ្យបាននូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់បម្រើផលប្រយោជន៍ និងក្ដីសុខប្រជាពលរដ្ឋ ។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៍បានជូនពរដល់អង្គពិធីទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ៕KD