ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋានខេត្តសៀមរាប បានបញ្ជាក់ប្រាប់ កុងស៊ុលជប៉ុន ថា ក្នុងរយៈពេល ៣ខែ ក្នុងឆមាសទីមួយ ឆ្នាំ២០២៤ ដែលលោក កាន់ដំណែង ជាស្នងការខេត្តសៀមរាប ពុំមានបទល្មើសធំៗនោះទេ ដោយឡែកទាក់ទងនឹងបទល្មើសផ្សេងៗ នៃជនបរទេស កើតមានតិចតួច តែបង្ក្រាបបាន១០០%។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងអំឡុងពេល លោកឧត្តមសេនីយ៍ទោស្នងការ អញ្ជើញជាអធិបតី និងដឹកនាំ លោក លោកស្រី ស្នងការរង អង្គភាពនគរបាលទេសចរណ៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ អធិការនគរបាលក្រុងសៀមរាប និងការិយាល័យពាក់ព័ន្ធ ក្នុងកិច្ចប្រជុំ Hotline Group Meeting លើកទី១៥ ជាមួយលោកលោក យូនេហ្សាវ៉ា អាតស៊ូហ្សី Yonezawa Atsushi ប្រធាន និងក្រុមការងារកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប នៅសាលប្រជុំសណ្ឋាគារសុខាអង្គរ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានធ្វើការសំណេះសំណាល និងជម្រាបជូន អំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនអង្គប្រជុំទាំងមូល ក្នុងឆមាសទី១កន្លងមក ឆ្នាំ២០២៤នេះផងដែរ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្តថាដោយសារមានការរៀបចំផែនការពារ និងប៉ុស្តិ៍ការពារគោលដៅច្បាស់លាស់ និងមានការចូលរួមពីតាមបណ្តាកុងស៊ុល និងអង្គភាពពាក់ព័ន្ធទាំងអស់ មានការសហការគ្នាបានយ៉ាងល្អទើបនាំឲ្យបញ្ហាសន្តិសុខមានភាពល្អប្រសើរ ធ្វើឲ្យបទល្មើសមានការថយចុះ ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះបទល្មើសធំៗ នៅខេត្តសៀមរាបគឺ ពុំមាននោះទេ ដោយឡែកទាក់ទងនិងបទល្មើសផ្សេងៗ ដែលទាក់ទងទៅនឹងជនបរទេស គឺកើតមានតិចតួចនៅក្នុងខេត្តសៀមរាប និងបង្ក្រាបបាន១០០%។
នាឱកាសនោះផងដែរ លោក យូនេហ្សាវ៉ា អាតស៊ូហ្សី Yonezawa Atsushi ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បានលើកសរសើរពីការងារសហការគ្នាល្អកន្លងមករវាងសមត្ថកិច្ច និងក្រុមការងារកុងស៊ុលប្រចាំខេត្តសៀមរាប នឹងសូមបន្តសហការឲ្យកាន់តែល្អប្រសើរ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាជនសាម៉ីរៀងៗខ្លួន ក្នុងខេត្តសៀមរាប។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរ ដល់អង្គប្រជុំទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕KD