ខេត្តសៀមរាប៖ ក្រោយការសួរនាំនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ជនសង្ស័យរួមទាំងវត្ថុតាងគ្រឿងញៀន ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមជម្រាបជូនថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបផងនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដ៏មុឺងម៉ាត់ ឱ្យលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ចាត់ឱ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក ចុះបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។
ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធន ឆវ័ន្ទ ហៅ ណាត់ ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជួល ស្ថិតនៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
កម្លាំងនគរបាលជំនាញបានដកហូតវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីន (ICE) ចំនួន ១០ដុំ ស្មើនឹងទម្ងន់ ៩,៩៥៥.៦៥ក្រាម, មេតំហ្វេតាមីនប្រភេទគ្រាប់ ពណ៌ផ្កាឈូកសញ្ញា WY ចំនួន ០៥គ្រាប់៕KD