Sunday, November 24, 2024

ពិធីប្រកាសអភិបាលរងនិងនាយករដ្ឋបាលខេត្ត ចូលកាន់តំណែងជាផ្លូវការ 

ខេត្តសៀមរាប៖អភិបាលរងខេត្តចំនួន៤រូប​និងនាយករដ្ឋបាលខេត្តសៀមរាប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ និងប្រតិភូអមដំណើរព្រមទាំងជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូបផងដែរ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២។

ឯកឧត្តម ទៀ សីហា បានលើកឡើងអំពីសកម្មភាព និងសមិទ្ធផលនានាក្នុងខេត្តទាំងអស់កើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជំនាញជុំវិញខេត្តផងដែរ ។ លោកបន្តទៀតថា កិច្ចការអភិវឌ្ឍន៍ទាំងអស់គឺមានគោលបំណងបម្រើរផលប្រយោជន៍ទូទៅ បង្កើតការងារ និងបង្កើន ប្រាក់ចំណូល ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ជាក់ស្តែងអត្រាភាពក្រក្រីរបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការថយចុះជាលំដាប់ ក្នុងឆ្នាំនេះ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប៊ុន ហុន បានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា៖ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជម្ងឺកូវីដ១៩ និងត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋអោយបានត្រឹមត្រូវនិងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឲ្យខាងតែបានបញ្ហាគ្រឿងញៀន។​ ឯកឧត្តម ប៊ុន ហុន ក៏បានជម្រុញដល់អភិបាលរងខេត្តថ្មី ក៏ដូចនាយករដ្ឋបាលថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ និង ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ និងដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ។

 

ឯកឧត្តមក៏បានសរសើរដល់រដ្ឋបាលខេត្ត ដែលបានអនុវត្តទៅទទួលបានលទ្ធផលល្អ ការបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និង អត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់មិនរៀបរយក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយត្រូវបានបងប្អូនស្ម័ត្រចិត្តផ្លាស់រុះរើទៅរស់នៅកន្លែងថ្មី ព្រមទាំងលើកផងដែរពីព្រឹត្តិការណ៍ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅចម្ការម្រេច ជើងភ្នំគូលែន ហើយត្រូវបានរំសាយទៅដោយសន្តិវិធី គ្មានអំពើហិង្សាអ្វីឡើយ។ ឯកឧត្តមក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និង មាននកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និង កសាងខេត្ត ឲ្យទទួលបានជោគជ័យថែមទៀត ៕

ពិធីប្រកាសចូលកាន់តំណែងថ្មីនោះរួមមាន៖ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប ឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៥ , លោកស្រី ម៉ននី រងី្ស អភិបាលស្រុកក្រឡាញ់ ឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៦ , លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ឋានន្តរស័ក វរៈមន្ត្រីថ្នាក់លេខ៥ និង លោក យុន លីនណេ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៤​ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តសៀមរាប និង ប្រកាសតែងតាំងលោក លី វណ្ណៈ នាយករងរដ្ឋបាល ឋានន្តរស័កវរៈមន្ត្រីថ្នាក់លេខ១ ទៅជានាយករដ្ឋបាលសាលាខេត្តសៀមរាប ជំនួសលោក សុខ ថុល បានទទួលភារកិច្ចថ្មី៕KLD

ព័ត៌មានពេញនិយម