Monday, November 25, 2024

អាជ្ញាធរជាតិអប្សរា ដកទំនប់ការពារចេញពីការដ្ឋានរបស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹក ក្នុងអំឡុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះចេញវិញហើយ ដើម្បីគ្រប់គ្រងរំហូរទឹក ឱ្យមានសភាពដូចដើមឡើងវិញ។ ការដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹកបណ្ដោះអាសន្ននេះ បន្ទាប់ពីស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានជួសជុលរួចរាល់ជាស្ថាពរ។

អ្នកស្រី អួន ស៊ីណាង មន្ត្រីបច្ចេកទេស និងជាអ្នកទទួលបន្ទុកដកទំនប់ការពារ មានប្រសាសន៍ថា គម្រោងជួសជុលស្ពានហានខាងលិចប្រាសាទអង្គរវត្ត បានបញ្ចប់កាលពីចុងឆ្នាំ២០២៣ ហើយការងារដែលនៅសេសសល់ គឺការដកទំនប់ការពារដែលទប់ទឹកមិនឱ្យចូលការដ្ឋានកាលណោះចេញវិញ។
ទំនប់ដី ដែលធ្វើការពារទឹកបណ្ដោះអាសន្ន ក្នុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះ មានបណ្តោយប្រវែង២៣០ម៉ែត្រ ទទឹង៤ម៉ែត្រកន្លះ និងកម្ពស់២ម៉ែត្រកន្លះ។
ការដកទំនប់ការពារនេះ មិនត្រឹមតែបើករំហូរទឹក ឱ្យមានសភាពដូចដើមវិញប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជួយបង្កើនភាពស្រស់ស្រាយ សោភ័ណភាពរបស់ស្ពាន ដើម្បីឱ្យភ្ញៀវទេសចរអាចអង្គុយមើលពីច្រាំងកសិន្ធុ ឃើញពីភាពរឹងមាំនៃរចនាសម្ពន្ធស្ពានដែលទើបតែជួសជុលរួច មានភាពរឹងមាំផងដែរ។
អ្នកស្រី អួន ស៊ីណាង ឱ្យដឹងទៀតថា ការដកទំនប់ការពារចេញពីរបាំងស្ពានហាលនេះ គឺមានការពិបាកខ្លាំង ដោយត្រូវប្រើបច្ចេកទេសជ្រមុជទឹក កាយយកអាចម៍ដី និងលើកចេញពីក្នុងទឹកមកច្រកក្នុងការ៉ុង រួចដាក់លើក្បូនហើយត្រូវទាញក្បូនជញ្ជូនមករក្សាទុកនៅលើគោកជាដើម៕KD

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ភោគ ជា

ព័ត៌មានពេញនិយម