Friday, November 22, 2024

ដាំកូនឈើ១,០០០ដើមនៅរមណីយដ្ឋានអង្គរដើម្បី អបអរសាទរខួបរុក្ខទិវាជាតិ ៩កក្កដា ២០២៤

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា បានប្រារព្ធ យុទ្ធនាការដាំដើមឈើ ចំនួន១,០០០ដើម អបអរសាទរខួប រុក្ខទិវាជាតិ ៩កក្កដា ២០២៤ ក្រោមប្រធានបទ ” ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព” នៅតាមបណ្ដោយវិថីព្រះនរោត្តមសីហមុនី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ អញ្ជើញជាអធិបតីនាឱកាសនោះមាន ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានព្រមទាំងវត្តមាន លោក លោកស្រី ប្រធានឬតំណាងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសមាជិក សមាជិកានៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជា មកពីសាខា ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារផងដែរ។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍នាឱកាសនោះថា អាជ្ញាធរជាតិអប្សរា មានសេចក្តីសោនមស្សរីករាយក្នុងការផ្តល់នូវកិច្ចសហការ និងការរៀបចំទីតាំង ព្រមទាំងកូនឈើក្នុងព្រឹត្តិការណ៍នេះ។ ព្រៃឈើ និងធម្មជាតិនៅជុំវិញគឺជាផ្នែកមួយដែលពុំអាចកាត់ផ្តាច់បានពីប្រាសាទ ដូចនេះ ការការពារ ការថែរក្សា និងការបង្កើនឡើងវិញនូវព្រៃឈើគឺជាអទិភាពមួយក្នុងចំណោមអទិភាពជាច្រើន។ ជាក់ស្តែង តាំងពីឆ្នាំ២០០៤មក ដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានដាំកូនឈើឡើងវិញបានចំនួនប្រមាណ២លានដើមរួចមកហើយ។   ទន្ទឹមនេះ ក៏មានការចែកជូនកូនឈើ ដោយមិនគិតថ្លៃ ទៅដល់ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅយកទៅដាំដុះបន្ត ក្នុងន័យដើម្បីពង្រីកនូវគម្របព្រៃឈើបន្ថែមក្នុងទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជាមានប្រសាសន៍ថា យុទ្ធនាការដាំកូនឈើ១,០០០ដើម អបអរសាទរខួបលើកទី៧២ រុក្ខទិវា៩កក្កដា ២០២៤ ក្រោមប្រធានបទ ” ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព” បានសបញ្ជាក់ពីសេចក្តីស្រឡាញ់ ឆន្ទះ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាបរិស្ថាន ព្រៃឈើឱ្យបានគង់វង្ស ដើម្បីសុខុមាលភាពរបស់មនុស្សជាតិ។ ឯកឧត្តមថា យុទ្ធនាការនេះ មិនមែនជាលើកទីមួយឡើយ កន្លងមកកាកបាទក្រហមកម្ពុជា បានដាំដើមឈើជាបន្តបន្ទាប់ ក្នុងនោះឧទ្យានសហសវត្សរ៍របស់កាកបាទក្រហមកម្ពុជា មានដើមឈើតូចធំជាច្រើន បានក្លាយជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធចំពោះកិច្ចការសម្របសម្រួលផ្តល់ទីតាំង ក៏ដូចជាកូនឈើសម្រាប់ដាំ នៅក្នុងយុទ្ធនាការដាំកូនឡើងវិញ អបអរសាទរខួបលើកទី៧២ រុក្ខទិវា៩កក្កដា ២០២៤៕KD

អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ

រូបភាព៖លោក ហាប់ គឹមអាន

ព័ត៌មានពេញនិយម