Monday, November 25, 2024

រដ្ឋបាលខេត្ត ចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើដំណើរតាមរថយន្តក្រុង ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តសៀមរាប៖អនុវត្តតាមបទបញ្ជារបស់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចក្នុងការជួយសម្រួល បន្ទុកចំណាយរបស់ បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តី សប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

រដ្ឋបាលសាលាខេត្ត បានចេញនូវសេចក្តីជូនដំណឹងដើម្បីជម្រាបជូនសាធារណៈជន ស្តីពីការធ្វើដំណើរដោយឥតបង់ថ្លៃ តាមរថយន្តក្រុង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២នេះ។
រដ្ឋបាលសាលាខេត្តបានឲ្យដឹងថា រថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) មានចំនួន ១៥គ្រឿង នឹងត្រូវផ្ដល់សម្រាប់បម្រើសេវាដឹកជញ្ជូនបងប្អូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់រាជធានីភ្នំពេញ ក្នុងរយៈពេល ០៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់។
រដ្ឋបាលសាលាខេត្តបានបញ្ជាក់ថា ចំពោះទីតាំង និងកាលបរិច្ឆេទត្រូវរៀបចំ ដូចខាងក្រោម៖
១- ការធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប ទីតាំងចំណតរថយន្ត រង្វង់មូល “ទេពមច្ឆា” ស្ថិតនៅស្ពានជ្រោយចង្វារ ចេញដំណើររៀងរាល់ម៉ោង ០៥:៣០នាទីព្រឹក (ចេញជាបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
២-ការធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់រាជធានីភ្នំពេញ ទីតាំងចំណតរថយន្ត “គ្រឹះស្ថានអង្គរ” ក្បែររង្វង់មូលវិថីសម្ដេចវិបុលបញ្ញា សុខ អាន (រង្វង់មូលផ្លូវ៦០ម៉ែត្រ) ចេញដំណើររៀងរាល់ម៉ោង ១៣:០០នាទី (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ និងវេលាម៉ោង ០៦:០០ នាទី ព្រឹក (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) សម្រាប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
ដូច្នេះសូមសាធារណៈជន បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ មេត្តាទទួលជ្រាបជាព័ត៌មាន៕KLD

ព័ត៌មានពេញនិយម