Friday, November 22, 2024

លោកឧត្តមសេនីយ៍ទោ ហួត សុធី ក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ ឱ្យបន្តទប់ស្កាត់បញ្ហាក្មេងទំនើង បង្រ្កាបបទល្មើសគ្រឿងញៀន បង្រ្កាបល្បែងស៊ីសង ឆ្នោតផ្សងសំណាងខុសច្បាប់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលរដ្ឋបាលរោងគោ ដែលចំណុះឱ្យ អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដោយមានការចូលរួមដោយ លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក លោក សុខ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ និងមានការអញ្ជេីញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការ-អធិការរង លោកនាយ-នាយរងផ្នែក កងរាជអាវុធហត្ថស្រុក តំបន់ប្រតិបត្តិការសឹករងស្រុក ប្រជាការពារ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានផងដែរ នៅព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់បញ្ហាក្មេងទំនើងដែលបង្កអសន្តិសុខតាមផ្លូវសាធារណៈ ទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន បង្រ្កាបល្បែងស៊ីសង ឆ្នោតផ្សងសំណាងខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថា ការបន្តយកចិត្តទុកដាក់នេះគឺត្រូវបង្កាឱ្យបាន ក៏ដូចជាកាត់បន្ថយបទល្មើសនៅក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បញ្ជាក់ថា ទន្ទឹមនឹងនេះ គ្រប់អង្គភាពទាំងអស់ក៍ត្រូវតែរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងជាពិសេសរក្សាឲ្យបាននូវតម្លៃ របស់កងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏មិនភ្លេចនោះទេក្នុងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានឧបត្ថម្ភថវិការ ដើម្បីចូលរួមចំណែកក្នុងការកសាង ប៉ុស្តិ៍នគរបាលរដ្ឋបាលនេះផងដែរ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់អង្គពិធីទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕KD

ព័ត៌មានពេញនិយម