ខេត្តសៀមរាប៖ តុលាការខេត្តសៀមរាប ឃុំខ្លួនក្មេងទំនើង ១១ នាក់ក្នុងចំណោម ១៧ នាក់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយការប្រើអាវុធ និងប្រព្រឹត្តដោយបុគ្គលច្រើនរូប) និងបទធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត។ នេះបើយោងតាមលិខិតប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងចំនួន ១៧នាក់ របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២៤។អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបថា «កាលពីថ្ងៃ ទី០៤ ខែកក្កដា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ ៩៥៨ ចុះថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទងនឹងក្រុមក្មេងទំនើងចំនួន ០២ ក្រុម មានគ្នាសរុបចំនួន ១៧នាក់ ដោយសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ចំណែកជនសង្ស័យចំនួន ០៦នាក់ ទៀតបានគេចខ្លួន»។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបបន្តថា «ចំពោះករណីនេះ គឺជាជម្លោះបង្កឡើងដោយក្មេងទំនើង ០២ក្រុម មានគ្នា ១៧នាក់ ដោយម្ខាងមានគ្នា ចំនួន ០៨នាក់ ប្រដាប់ដោយមួកសុវត្ថិភាព និងម្ខាងទៀតមានគ្នាចំនួន ០៩នាក់ ប្រដាប់ដោយកាំបិតខ្វែវ ប្រព្រឹត្តនៅចំណុចលើផ្លូវ ក្រាលកៅស៊ូ ស្ថិតនៅភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបបញ្ជាក់ថា «ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យចំនួន ១១នាក់ (ឃាត់ខ្លួន) និងបក្ខពួកចំនួន ០៦នាក់ (គេចខ្លួន) ពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយការប្រើអាវុធ និងប្រព្រឹត្តដោយបុគ្គលច្រើនរូប) និងបទធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀតប្រព្រឹត្តនៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ និងមាត្រា ៤៨៩ នៃក្រមព្រហ្មទណ្ឌតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខៈ ១៤៣៨ អយជ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់»។
សូមជម្រាបជូនផងដែរថា ក្មេងទំនើង ដែលជាជនត្រូវចោទ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មានចំនួន១១ នាក់ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារទាំងនោះរួមមាន៖
០១-ឈ្មោះ ហ៊ូន ម៉េងហុង ភេទប្រុស អាយុ១៦ឆ្នាំ
០២-ឈ្មោះ កែវ មករា ភេទប្រុស អាយុ១៨ឆ្នាំ
០៣-ឈ្មោះ រ៉ង រតនៈសំអាង ហៅឌី ភេទប្រុស អាយុ១៤ឆ្នាំ
០៤-ឈ្មោះ ស៊ឺន វិសាល អាយុ១៦ឆ្នាំ
០៥-ឈ្មោះ សោម ផារិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ
០៦-ឈ្មោះ លី ប៊ុនលីញ ភេទប្រុស អាយុ១៥ឆ្នាំ
០៧-ឈ្មោះ ណូ នី ភេទប្រុស អាយុ១៨ឆ្នាំ
០៨-ឈ្មោះ វី រ៉ាន ហៅម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ
០៩-ឈ្មោះ រ័ត្ន ពិសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ
១០-ឈ្មោះ មិច សូដា ភេទប្រុស អាយុ១៦ឆ្នាំ
១១-ឈ្មោះ ពិសិទ្ធ សុវណ្ណបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ។
មហាជនបានសំដែងនូវអំណរសាទរ និងថ្លែងអំណរគុណ ចំពោះបទបញ្ជាដ៍ម៉ឺងម៉ាត់ របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឱ្យកម្លាំងនគរបាល ទូទាំងខេត្ត លុបបំបាត់ឱ្យខានតែបាន នូវក្រុមក្មេងទំនើង។ ជាក់ស្ដែង កម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលបញ្ជាដោយលោកវរសេនីយ៍ឯក ដា ចំរើន ឱ្យសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បង្ក្រាបបានក្មេងទំនើង ចំនួន ១១ នាក់ក្នុងចំណោម ១៧ នាក់ ក្នុងនោះ ៦ នាក់បានរត់គេចខ្លួន។
មហាជន ក៏បានថ្លែងអំណរគុណចំពោះ អយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលសម្រេចចោទប្រកាន់ ទំនើងទាំង ១៧ នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយការប្រើអាវុធ និងប្រព្រឹត្តដោយបុគ្គលច្រើនរូប) និងបទធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត ដោយបានឃុំខ្លួនចំនួន១១នាក់។
មហាជនក៏សង្ឃឹមយ៉ាងមុខមាំថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច នឹងតាមនាំខ្លួនបក្សពួកក្មេងទំនើងដែលនៅសេសសល់ចំនួន ៦ នាក់ទៀត មកផ្ដន្ទាទោសតាមច្បាប់ជាធរមាន ក្នុងពេលឆាប់ៗនេះ ដើម្បីកុំឱ្យក្មេងដែលនៅសេសសល់ចេញមកការអុកឡុក បង្ករភាពចរាចល អនាធិបតេយ្យ ដល់សង្គមជាតិ ជាពិសេសក្នុងខេត្តទេសចរណ៍ដ៏ផូរផង់របស់យើង៕KD