Wednesday, December 11, 2024

នៅទីបំផុត រដ្ឋបាលខេត្តសៀមរាប ទុកពេលយ៉ាងយូរ ២ សប្តាហ៍ជូនម្ចាស់ទីតាំង Sky BAR CAFÉ & Pub រៀបចំស្នើសុំបែបបទលើកស្លាក និងកែតម្រូវឱ្យបានត្រឹមត្រូវ បន្ទាប់ពីបានរកឃើញថា មានតែអក្សរជាបរទេស ពុំមានអក្សរខ្មែរ ហើយស្លាកយីហោនៅទីតាំងនេះពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចស្របតាមលិខិតបទដ្ឋានគតិយុត្ត 

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ទុកពេលយ៉ាងយូរ ២ សប្តាហ៍ជូនម្ចាស់ទីតាំង Sky BAR CAFÉ & Pub រៀបចំស្នើសុំបែបបទលើកស្លាក និងកែតម្រូវឱ្យបានត្រឹមត្រូវ បន្ទាប់ពីបានរកឃើញថា ស្លាកយីហោមានតែអក្សរជាបរទេស ពុំមានអក្សរខ្មែរ ហើយស្លាកយីហោនៅទីតាំងនេះពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចស្របតាមលិខិតបទដ្ឋានគតិយុត្តនោះទេ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹង ពីរដ្ឋបាលខេត្តសៀមរាបនៅរសៀលថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤។ រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា កាលពីវេលាម៉ោង ១៥ និង ០០នាទីថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងាររដ្ឋបាលខេត្ត ដោយមានការចូលរួមពីរដ្ឋបាលក្រុងសៀមរាប មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដែលមានស្លាកយីហោជាអក្សរឡាតាំង Sky BAR CAFÉ & Pub នៅត្រង់ចំណុចកែងស្តុប ឈ្នះ ឈ្នះ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាបបានបន្តថា តាមការចុះពិនិត្យឃើញថា ស្លាកយីហោជាប់ជញ្ជាំងបានដំឡើងរួចរាល់ ដែលមានភាសាជាបរទេសពុំមានអក្សរខ្មែរឡើយ ហើយស្លាកយីហោនៅទីតាំងនេះពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចស្របតាមលិខិតបទដ្ឋានគតិយុត្តឡើយ។

រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ជាមួយគ្នានេះ ម្ចាស់ទីតាំងត្រូវដាក់ពាក្យស្នើសុំដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅរដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុងឱ្យបានត្រឹមត្រូវ ស្របតាមលិខិតបទដ្ឋានគតិយុត្តបានកំណត់។

បន្ថែមលើសនេះ ក្រុមការងារបានធ្វើការណែនាំម្ចាស់ទីតាំងត្រូវរៀបចំកែសម្រួលស្លាកយីហោ ដោយត្រូវមានអក្សរខ្មែរ និងមានទំហំគុណនឹងពីរនៃអក្សរបរទេសឱ្យបានត្រឹមត្រូវ ដោយទុករយៈពេល ២សប្តាហ៍។ ក្រោយពីក្រុមការងារបានណែនាំរួច ម្ចាស់ទីតាំងខាងលើនេះបានយល់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារ៕KD

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានពេញនិយម