រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការពង្រឹងធនធានមនុស្ស គឺជាការពង្រឹងធនធានសម្រាប់យកទៅបង្កើតធនធាន និងសមិទ្ធផលបន្ថែមទៀត ជាក់ស្តែង គរុនិស្សិតជ័យលាភីចំនួន ២៦៦ នាក់ ដែលបានបញ្ចប់ការសិក្សានេះ និងទៅបណ្តុះបណ្តាលដល់សិស្សរាប់សែននាក់បន្ថែមទៀតទូទាំងប្រទេស។ មានប្រសាសន៍បែបនេះក្នុងអំឡុងពេលដែលសម្ដេចអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ នៅ ព្រឹកថ្ងៃទី៤ កក្កដា ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថែ្លងអបអរសាទរចំពោះគរុនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សា ដើម្បីក្លាយខ្លួនជាគ្រូបង្រៀនមានសមត្ថភាពពេញលេញ មុននឹងចេញទៅបម្រើការងារនៅតាមសាលារៀនគោលដៅរបស់ខ្លួន ។ ទន្ទឹមនេះ សម្តេចធិបតី បានលើកទឹកចិត្តដល់គរុនិស្សិតជ័យលាភី ឱ្យបន្ដអភិវឌ្ឍចំណេះដឹង និងវិជ្ជាជីវៈជាប្រចាំ តាមរយៈ ការសិក្សាស្រាវជ្រាវ ការសិក្សាបន្ថែម ការអភិវឌ្ឍជំនាញបច្ចេកវិទ្យានិងបំណិនឌីជីថល ការអភិវឌ្ឍជំនាញទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ ការទទួលយកការប្រឹក្សាយោបល់ និងស្វែងយល់ពីបទពិសោធពីថ្នាក់ដឹកនាំ និងសហការីនៅកន្លែងការងារ និងការចេះសម្របខ្លួនទៅនឹងបរិការណ៍អប់រំ ដែលកំពុងមានការវិវត្តខ្លាំង ។ ជាមួយនេះ សម្តេចធិបតី បានក្រើនរំលឹកដល់គរុនិស្សិតដែលកំពុងសិក្សា ឱ្យបន្តខិតខំប្រឹងប្រែងសិក្សា និងស្វែងយល់បន្ថែមនូវជំនាញ ព្រមទំាងបច្ចេកទេសគរុកោសល្យថ្មីៗ ដើម្បីក្លាយខ្លួនជាអ្នកអប់រំដ៏មានគុណភាពខ្ពស់សម្រាប់កម្ពុជា ស្របតាមបរិបទនៃការរីកចម្រើនរបស់សង្គម ។
សម្តេចធិបតីបានមានប្រសាសន៍គូសបញ្ជាក់ផងដែរថា រយៈកាលជាង ១០ មកនេះ រាជរដ្ឋាភិបាលបានបង្កើនថវិកាដើម្បីលើកកម្ពស់វិស័យអប់រំ ដោយធានាបាននូវប្រសិទ្ធភាព និងចំគោលដៅ ស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់កិត្តិយស តួនាទី និងឋានៈ របស់គ្រូបង្រៀននៅក្នុងសង្គមកម្ពុជា តាមរយៈការដាក់ចេញនូវគោលដៅអាទិភាព ៤ គឺ៖ ១. ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ២. ការគិតគូរពីជីវភាពរស់នៅរបស់គ្រូបង្រៀន ៣. ការបង្កើនគុណវុឌ្ឍិរបស់គ្រូបង្រៀន និង៤. ការអនុវត្តស្តង់ដាវិជ្ជាជីវៈរបស់គ្រូបង្រៀន ហើយជាលទ្ធផល សមិទ្ធផលជាច្រើនបានលេចចេញជាផ្លែផ្កា សម្រាប់បម្រើដល់កំណើនសេដ្ឋកិច្ច និងអភិវឌ្ឍធនធានមនុស្សក្នុងសង្គមកម្ពុជា ព្រោះថា ការពង្រឹងធនធានមនុស្ស គឺជាការពង្រឹងធនធានសម្រាប់យកទៅបង្កើតធនធាន និងសមិទ្ធផលបន្ថែមទៀត ជាក់ស្តែង គរុនិស្សិតជ័យលាភីចំនួន ២៦៦ នាក់ ដែលបានបញ្ចប់ការសិក្សានេះ និងទៅបណ្តុះបណ្តាលដល់សិស្សរាប់សែននាក់បន្ថែមទៀតទូទាំងប្រទេស ។ ក្នុងន័យនេះផងដែរ សម្តេចធិបតី បានលើកទឹកចិត្តដល់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏ដូចជាវិទ្យាស្ថានគុរកោសល្យដទៃទៀត ឱ្យបន្ដធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំ ដើម្បីបន្តគាំទ្រដល់គរុនិស្សិតជ័យលាភីរបស់វិទ្យាស្ថាន ឱ្យកាន់តែមានសមត្ថភាព វិន័យ និងសីលធម៌ខ្ពស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនបញ្ញាដល់យុវជនសម្រាប់បន្ដវេន និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ ។
ក្នុងឱកាសនៃពិធីនោះដែរ សម្តេចធិបតី បានណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យគិតគូរអំពីការផ្តល់គោលការណ៍ឧបត្ថម្ភ និងផ្តល់ការថែទាំដល់ពិរុទ្ធជនស្ត្រីមានផ្ទៃពោះ និងទារក នៅតាមមន្ទីឃុំឃាំង ដើម្បីទទួលបានការគាំពារសមស្រប ប្រកបដោយទឹកចិត្តមនុស្សធម៌ ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានអរគុណចំពោះបណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមវិភាគទានយ៉ាងថ្លៃថ្លាជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រហូតដល់ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។
សូមជម្រាបជូនថា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលដើមឡើយជាអតីតមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ និងសាលាគរុកោសល្យនិងវិក្រឹតការរាជធានីភ្នំពេញ។ គិតមកត្រឹមឆ្នាំសិក្សា ២០២២-២០២៣ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានបញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនសម្រាប់កម្រិតបឋមសិក្សាសរុប ៤១៨នាក់ ស្រី ៣៤៤នាក់ និងគ្រូបង្រៀនកម្រិតមូលដ្ឋានសរុប ៤៧២នាក់ ស្រី ២៧៤នាក់ និងបានផ្ដល់កម្មវិធីលើកកម្ពស់គុណវុឌ្ឍិដល់គ្រូឧទ្ទេសមកពីសាលាគរុកោសល្យចំនួន ៦៧នាក់ ស្រី ៣២នាក់។ គរុនិស្សិត គរុសិស្សជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យកាលពីឆ្នាំសិក្សា ២០២២-២០២៣ កន្លងទៅ ហើយដែលនឹងត្រូវទទួលសញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀននៅថ្ងៃនេះ សរុប ២៦៦នាក់ ស្រី ១៨១នាក់ ក្នុងនោះគរុនិស្សិតថ្នាក់បរិញ្ញាបត្រ (១២+៤) ចំនួន ២៤៣នាក់ ស្រី ១៧២នាក់ និងគរុសិស្ស (១២+២) ចំនួន ២៣នាក់ ស្រី៩នាក់។
រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរេសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា៕KD