ខេត្តសៀមរាប៖ មន្ត្រីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ខេត្តសៀមរាប អាជ្ញាធរដែនដីទាំង៥ស្រុក/ក្រុង ក្នុងរមណីយដ្ឋានអង្គរ មន្ទីររៀបចំដែនដីខេត្តសៀមរាប តំណាងរដ្ឋបាល និងក្រុមប្រឹក្សាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរដែនដីពាក់ព័ន្ធប្រមាណ៤៥រូប បានចូលរួមសិក្ខាសាលាស្ដីពី«ច្បាប់ និងកិច្ចការពារបេតិកភណ្ឌ» ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង ដែលតំណាងឱ្យឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឧទេ្ទសនាមដោយលោក Etienne Clement មេធាវីអន្តរជាតិ ឯកទេសខាងបេតិកភណ្ឌវប្បធម៌ គឺធ្វើឡើងក្នុងគោលបំណង ឱ្យយល់ដឹងពីសម្បត្តិបេតិកភណ្ឌវប្បធម៌ ពីការប៉ះពាល់នានា ព្រមទាំងការប្រើច្បាប់ជាតិ អន្តរជាតិ ដើម្បីការពារសម្បត្តិបេតិកភណ្ឌទាំងនោះ ពីការបំផ្លាញដោយមនុស្ស ដោយអាយុកាល និងដោយគ្រោះធម្មជាតិជាដើម។
កម្មវិធីនេះ ជាវេទិកាសម្រាប់ការចែករំលែកបទពិសោធន៍ ការផ្តល់ឱ្យសិក្ខាកាម ថ្នាក់ដឹកនាំមកពីស្ថាប័នគ្រប់គ្រងបេតិកភណ្ឌ ដើម្បីស្វែងយល់ពីគោលបំណង មាតិកា និងការបន្ថែមនូវអនុសញ្ញាអន្តរជាតិសំខាន់ៗ រួមនឹងគោលការណ៍ច្បាប់ជាតិ ដែលជាទម្រង់ស្របច្បាប់សម្រាប់កិច្ចការពារសម្បត្តិបេតិកភណ្ឌក្នុងប្រទេសកម្ពុជា។ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងថ្មីៗក្នុងទម្រង់ច្បាប់ការពារបេតិកភណ្ឌ ដែលឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ៕KD
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន/ភោគ ជា