រាជធានីភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍របស់ រាជរដ្ឋាភិបាលជប៉ុន ក្របខ័ណ្ឌកម្មវិធី “អ្នកដឹកនាំវ័យក្មេង Young Leaders Program” ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំអំពីសម្ដេច នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម លោកបានសម្តែងធ្វើការកោតសរសើរ ចំពោះនិស្សិតដែលជាប់អាហាររូបការណ៍ទាំង៥រូប ដែលមានសមត្ថភាពទទួលបាន ហើយក្នុងនោះក៍មានមន្ត្រីមកពីក្រសួងមហាផ្ទៃចំនួន២រូបផងដែរ។
សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើរឱ្យក្រុមនិស្សិតកម្ពុជា ត្រូវខិតខំថែរក្សាសុខភាព និងបានណែនាំឱ្យនិស្សិតទាំងអស់បន្តសាមគ្គីភាពជាមួយគ្នាទាំងក្រៅប្រទេស និងក្នុងប្រទេស សាបព្រួសនូវអ្វីដែលជាអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជា ទៅដល់បរទេសឱ្យគេបានដឹងពីកម្ពុជា ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹង បទពិសោធន៍ល្អៗពីប្រទេសជប៉ុនដើម្បីយកមកបំរើអង្គភាព និងចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ ទៅតាមចំណេះជំនាញរៀងៗខ្លួន បន្ទាប់ពីត្រូវបានបញ្ចប់ការសិក្សានៅទីនោះ ។
ក្រោយពីបានទទួលនូវអនុសាសន៍ណែនាំហើយនោះ តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ បានសម្តែងនូវអំណរគុណយ៉ាងក្រៃលែងជួនចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យពួកគាត់ បានចូលគោរពសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដំបូន្មានល្អៗ និងការស្វែងយល់បន្ថែមពីបច្ចុប្បន្នភាពប្រទេសកម្ពុជាដើម្បីជាទុនសម្រាប់ការតម្រង់ទិសនៃការសិក្សា ហើយក៍បានធ្វើការប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រដកស្រង់បទពិសោធន៍ល្អៗពីប្រទេសជប៉ុនដើម្បីបំរើអង្គភាព និងប្រទេសជាតិទៅតាមចំណេះ ជំនាញរៀងៗខ្លួន។
សូមបញ្ជាក់ថា អាហារូបករណ៍”កម្មវិធីអ្នកដឹកនាំវ័យក្មេង Young Leaders’ Program ជាកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលជប៉ុនបង្កើតឡើងក្នុងឆ្នាំ២០០១ដើម្បីផ្ដល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងបណ្តាប្រទេសនៅអាស៊ីក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ការងាររួមចំណែកក្នុងការរៀបចំគោលនយោបាយសាធារណៈ របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗព្រមទាំង ពង្រឹងទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធរវាងប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត៕KLD