ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកវរសេនីយ៍ឯក ថូ ស៊ីណា នាយការិយាល័យគ្រប់គ្រងជនបរទេស ផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រំលឹកសារជាថ្មី ដល់ម្ចាស់អាជីវកម្មផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ សូមឱ្យមានការយកចិត្តទុកដាក់ ចុះបញ្ជីស្នាក់នៅ ក្នុង FPCS (ប្រពន្ធ័ចុះបញ្ជីរវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសកម្ពុជា Foreigner Presence In Cambodia System) ពិនិត្យឱ្យបានច្បាស់លាស់ នូវឯកសារ នៃការស្នាក់នៅ របស់ជនបរទេស ជាពិសេសលិខិតឆ្លងដែន (Passport) និងទិដ្ឋាការ (Visa) ដើម្បីចូលរួមជាមួយសមត្ថកិច្ច ក្នុងការការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិ ដោយកន្លងមកមានភ្ញៀវបរទេសមួយចំនួនតូច គេចវេសមិនបានបន្តទិដ្ឋាការ (Visa) លិខិតឆ្លងដែន ហួសសុពលភាព ដោយពួកគេគ្មានលទ្ធភាពក្នុងការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ និងមានជំងឺប្រចាំកាយ។ ជាថ្មីម្ដងទៀត លោកនាយការិយាល័យគ្រប់គ្រងជនបរទេស ដាស់តឿនឲ្យលោក លោកស្រីម្ចាស់អាជីវកម្មផ្ទះជួល ផ្ទះសំណាក់ ក៏ដូចជាសណ្ឋាគារ មេត្តាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ជាពិសេសបងប្អូន ដែលបំរេីការក្នុងវិស័យជួរមុខ front office សូមសិក្សានិងយកចិត្តទុកដាក់ពិនិត្យឲ្យបានច្បាស់លាស់នូវឯកសារដែលបានរៀបរាប់ខាងលេី៕KD