ខេត្តសៀមរាប៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ បាននាំខ្លួនសិស្សទំនើងជនបទ ពីរក្រុម នៃវិទ្យាល័យអង្គរជុំ ទៅសាកសួរ ក្រោយពីបានបើកឆាកប្រយុទ្ធគ្នា ត្រង់ចំណុច ក្នុងវិទ្យាល័យអង្គរជុំ ស្ថិតនៅ ភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីវេលាម៉ោង៨ និង៤០នាទី ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤កន្លងទៅ។ ប្រភពពីបានឱ្យដឹងថា ករណីអំពើហិង្សានេះបង្កដោយសិស្សសាលាវិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម ដែល១ក្រុមមានគ្នាចំនួន១០នាក់ បានធ្វើសកម្មភាពប្រើប្រាស់ដំបងវាយទៅសិស្សដូចគ្នា១ក្រុមទៀតមានគ្នា ៦នាក់ បណ្ដាលឱ្យរបួសស្រាល។ប្រភពដដែលបន្តថា ដោយជនបង្កទាំង១០នាក់ ជាសិស្សដែលកំពុងសិក្សាហើយបទល្មើស ដែលប្រព្រឹត្តនេះមានលក្ខណ:ស្រាលកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអង្គរជុំបានធ្វើការអប់រំដោយមានការចូលរួមពីអាណាព្យាបាល សិស្ស និងនាយករងសាលា ក៏បានអនុញ្ញាតិឱ្យត្រលប់ទៅផ្ទះវិញ។
ប្រភពបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអង្គរជុំបានសម្ដែងនូវការសាទរ អរគុណ ចំពោះគណៈគ្រប់គ្រងសាលារៀន និង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ ដែលបានជួយអន្តរាគមន៍ទាន់ពេលវេលា ជាពិសេសបានទុកឱកាសឲ្យក្មេងៗ ដែលស្ថិតក្នុងវ័យសិក្សាអាចចាប់ផ្ដើមកសាងជីវិតជាថ្មី ប្រព្រឹត្តតែអំពើល្អ ខិតខំសិក្សា ក្លាយជា កូនល្អ សិស្សល្អ និងមិត្តល្អ៕KD