Saturday, November 23, 2024

ជនជាតិ ហូឡង់ម្នាក់បានស្លាប់ ក្នុងផ្ទះមិត្តប្រុសរបស់គាត់ នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ នៅវេលាម៉ោង ៧ និង ៥០ នាទី ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២៤ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ប្រជាពលរដ្ឋបានរាយការណ៍ថា មានជនបរទេសម្នាក់បានស្លាប់ ក្នុងផ្ទះមិត្តប្រុសរបស់គាត់ ដែលមានឈ្មោះ សុខ ចំណាន ស្ថិតនៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគងខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពឈ្មោះ VAN DIJK JACOBUS ERIC ROBERTO ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ហូឡង់ កាន់លិខិតឆ្លងដែនលេខ NVKLB២៧៨៩ មុខរបរ គ្មាន ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ សុខ ចំណាន ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ ចិញ្ចឹមមាន់ មានទីលំនៅបច្ចុប្បន្នទីតាំងកើតហេតុខាងលើ ត្រូវជាមិត្តប្រុស របស់សព បានឱ្យដឹងថា ខ្ញុំបាទបានស្គាល់រូបគាត់(សព)ក្នុងឆ្នាំ ២០១៧ ហើយបានរាប់អានគ្នាជាមិត្តភក្កិជិតស្និទ្ធ និងបានរួមរស់ជាមួយគ្នានៅផ្ទះតែមួយ លុះដល់ឆ្នាំ ២០២០ គាត់មានជំងឺបែកសរសៃភ្លៅជើងខាងស្ដាំ ហើយខ្ញុំបាននាំគាត់ទៅព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាអង្គរខេត្តសៀមរាប តែពុំបានធូរស្រាលក៏បានទៅព្យាបាលបន្តនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់ភ្នំពេញ រាជធានីភ្នំពេញ សម្រាកព្យាបាលនៅទីនោះរយៈពេល ៧ ខែទើបត្រឡប់មកខេត្តសៀមរាបវិញ បានរយៈពេលប្រហែល ៧ ខែក្រោយមកអាការៈជំងឺរបស់គាត់បានរើឡើងវិញ ខ្ញុំក៏នាំគាត់ទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់អន្តរជាតិភ្នំពេញជាលើកទី ២ ហើយគ្រូពេទ្យនៅទីនោះបានពិនិត្យឃើញថាគាត់មានជំងឺមួយមុខទៀតគឺជំងឺបេះដូង រួចបានបន្តស្នាក់នៅព្យាបាលរយៈពេលមួយខែបានត្រឡប់មកខេត្តសៀមរាបវិញ លុះដល់ឆ្នាំ ២០២៣ គាត់បានទៅលេងប្រទេសរបស់គាត់(ប្រទេសហូឡង់) បានរយៈពេលបីខែគាត់ក៏ត្រឡប់មកខេត្តសៀមរាបរស់នៅជាមួយខ្ញុំវិញ ជាក់ស្ដែងនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ០៦ និង ០០ នាទី ខ្ញុំបានភ្ញាក់ពីដំណេកហើយទៅឆុងកាហ្វេឲ្យគាត់ដូចសព្វដង ហើយខ្ញុំបានដាស់គាត់ តែមិនឮឆ្លើយ រួចខ្ញុំបានទៅអង្រួនគាត់ស្រាប់តែខ្លួនប្រាណគាត់ឡើងរឹងទើបខ្ញុំបានដឹងថាគាត់បានស្លាប់បាត់ទៅហើយ ខ្ញុំក៏បានស្រែកហៅអ្នកជិតខាងឲ្យមកជួយមើល និងទៅរាយការណ៍ជូនសមត្ថកិច្ច។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ យើងសន្និដ្ឋានបានថា សពបានស្លាប់ដោយសារ ស្ទះសរសៃឈាមគាំងបេះដូង។ បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕KD

ព័ត៌មានពេញនិយម