Thursday, November 21, 2024

ព្រះវិហារចំណាស់អាយុជាង១០០ឆ្នាំក្នុងវត្តដំណាក់ ជាសម្បត្តិបេតិកភណ្ឌជាតិ កំពុងទទួលបានការជួសជុល អភិរក្ស

ខេត្តសៀមរាប៖ ទីអារាមព្រះពុទ្ធសាសនាមួយនេះ ស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សំណង់ព្រះវិហារនៃអារាមនេះ តាមរយៈភស្តុតាងចារិកនៅលើជញ្ជាំងនៃសំណង់ក៏ដូចជាថេរដីកាព្រះគ្រូចៅអធិការបានបញ្ជាក់ថា ព.ស ២៤៦២ ត្រូវនឹងឆ្នាំ ១៩១៨ នៃគ្រិស្តសករាជ ដែលអាចជាឆ្នាំនៃការកសាង។ ពុទ្ធសាសនិកជំនាន់មុនបានក៏សាងឡើងសម្រាប់បូជាដល់ព្រះរតនៈត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារមានព្រះពុទ្ធរូបធំមួយព្រះអង្គ ហៅថាព្រះជីគង់ជាអធិបតី។ ព្រះវិហារ ត្រូវបានសាងសង់ឡើង នៅលើខឿនមួយជាន់ និងមានទទឹង១៥.៤ម៉ែត្រ បណ្តោយ៣៧ម៉ែត្រ ដែលសង់អំពីបេតុង និងឈើ។ ដោយហេតុអាយុកាល និងបញ្ហាមួយចំនួនទៀត ធ្វើឱ្យដំបូលនៃព្រះវិហារមានការខូចខាតធ្លុះធ្លាយដោយអន្លើ ដែលធ្វើឱ្យទឹកជ្រាបចូលដល់ខាងក្នុងវិហារ។ មិនតែប៉ុណ្ណោះ រចនាសម្ពន្ធនានា គ្រឿងបង្គំដំបូល សរសរ គ្រឹះក៏ចាស់មួយចំនួនទ្រុឌទ្រោម ពុកផុយ ដែលតម្រូវឱ្យមានការជួសជុល ជាបន្ទាន់។ ជាហេតុពេលនេះ អាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ទាំងបច្ចេកទេស និងថវិកាដើម្បីជួសជុលសំណង់ពិសិដ្ឋមួយនេះ ដោយគម្រោងជួសជុលបានចាប់ផ្តើមដំណើរការ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៤ ខាងមុខនេះ។

ការជួសជុលនេះ នឹងរួមចំណែកថែរក្សាកេរដំណែលនិងតម្លៃគ្រប់យ៉ាង នៃស្ថាបត្យកម្មដ៏ចំណាស់នេះ បានបំពេញតួនាទីរបស់ខ្លួនជាបន្ត និងសម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យកុសល្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចក្នុងវត្តតទៅ។
សូមរំលឹកជូនផងដែរថា វត្តដំណាក់នេះពីមុនគឺជាទីតាំងព្រះរាជដំណាក់ របស់ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ក្នុងកំឡុងឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩២៧។ លុះក្រោយមក ព្រះរាជដំណាក់របស់ព្រះមហាក្សត្រត្រូវបានប្ដូរទីតាំងទៅនៅជិតអាស្រមព្រះអង្គចេក ព្រះអង្គចមវិញ។ ក្រោយពីព្រះរាជដំណាក់ត្រូវបានផ្លាស់ប្ដូរទីតាំង ទីធ្លាបរិវេណរាជដំណាក់ចាស់ត្រូវបានប្រែក្លាយជាវត្តអារាមព្រះពុទ្ធសាសនាម្ដង។
ជាអកុសល នៅក្នុងរបបខ្មែរក្រហម វត្តដំណាក់ត្រូវបានកងទ័ពខ្មែរក្រហមប្រើប្រាស់ជាមូលដ្ឋានយោធារបស់ពួកគេ៕KD
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍

ព័ត៌មានពេញនិយម