Saturday, November 23, 2024

ឯកឧត្តម ឃឹម ហ្វីណង់ ប្រកាសឲ្យប្រជាកសិករមានការប្រយ័ត្ន ចំពោះករណីផ្ទុះដង្កូវហ្វូង កំពុងរាតត្បាតផលដំណាំរហូតដល់ ១២ ខេត្តហើយ

ខេត្តសៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងកសិកម្ម ប្រកាសឲ្យប្រជាកសិករមានការប្រយ័ត្ន ចំពោះករណីផ្ទុះដង្កូវហ្វូង កំពុងរាតត្បាតផលដំណាំរហូតដល់ ១២ ខេត្តហើយ នៅរសៀលថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២៣ នេះ។ យោងតាម facebook ផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា «ប្រយ័ត្ន! ករណីផ្ទុះដង្កូវហ្វូង បានរីករាលដាលដល់១២ខេត្តហើយរហូតមកដល់ពេលនេះ! តាមការប៉ាន់ស្មានបឋម ផលប៉ះពាល់ស្ថិតក្នុងរង្វង់១-២%នៃដំណាំកំពុងដាំដុះ ភាគច្រើនទៅលើដំណាំស្រូវ និងដំឡូងមី តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ»។

សំណេររបស់ឯកឧត្តមបានបន្តថា «ក្រសួងកសិកម្មកំពុងប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបនៅទូទាំងប្រទេស បញ្ចូនមន្ត្រីជំនាញជាបន្ទាន់ទាំងកម្រិតក្រសួង កម្រិតមន្ទីរ និងកម្រិតឃុំ ដើម្បីចុះតាមដានវាយតម្លៃពីការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតបភ្លាមៗដល់បងប្អូនកសិករនៅតាមមូលដ្ឋាន និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ»។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងកសិកម្ម ហាក់ចង់បញ្ជាក់ថា « តាមការវាយតម្លៃក្នុងពេលបច្ចុប្បន្ន ស្ថានភាពនេះស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងបាននៅឡើយទេ ដោយហេតុថាយើងបានប្រតិកម្មបានលឿន និងបងប្អូនប្រជាកសិករមានការចូលរួមបានយ៉ាងសកម្មនិងទូលំទូលាយ។ អ្នកជំនាញរំពឹងទុកថា នៅពេលដែលមានភ្លៀងធ្លាក់មក ដង្កូវហ្វូងទាំងនេះនឹងស្លាប់ទៅវិញ ហើយបញ្ហារីករាលដាលនឹងត្រូវបញ្ចប់។ ទោះជាយ៉ាងណា សូមបងប្អូនប្រជាកសិករបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំរបស់ខ្លួន»។
ប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំមើលចំណាត់ការអន្តរាគមន៍របស់ក្រសួងពាក់ព័ន្ធ ចំពោះបញ្ហានេះ៕KD

ព័ត៌មានពេញនិយម