Wednesday, December 11, 2024

អំណោយពីសម្តេចតេជោ ត្រូវបាននាំយកទៅចែកជួនដល់ ពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើផ្ទះ ចេញពីតំបន់រមណីយដ្ឋានអង្គរ ជាង ៥០០គ្រួសារ

ខេត្តសៀមរាប៖ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានធ្វើការថ្លែងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ មកតាំងលំនៅដ្ឋានថ្មី តាមរយៈនៃចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល។
ឯកឧត្តមអភិបាល មានប្រសាសន៍ទៀតថា ពេលនេះក្រុមការងារកំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿងដើម្បី ឈូសឆាយសំអាតផ្ទៃដី ធ្វើឱ្យមានផ្លូវខ្វាត់ខ្វែងធំទូលាយ រៀបចំប្រព័ន្ធផ្លូវទឹក ព្រមទាំងបែងចែងដីជាផ្នែកៗ ហើយដាក់លេខសំគាល់ ដែលយើងអាចជឿជាក់បានថា អនាគត រុនតាឯកនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍ និងជាទីប្រជុំជនថ្មីមួយដែលពុំធ្លាប់មានពីមុនមក ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ កាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលបានស្ម័គ្រចិត្តរុះរើចេញពីទីតាំង ដើម្បីមករស់នៅតំបន់ថ្មី គឺបាននឹងកំពុងជួយឱ្យប្រាសាទអង្គរវត្ត មិនប្រឈមនឹងការដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្នុងឱកាសនោះផងដែរ ជំនួសមុខអោយបងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅក្នុងភូមិធម្មជាតិរុនតាឯកទាំងអស់ ឯកឧត្តមអ្នកឧកញ៉ា ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខខ្ពស់របស់បងប្អូនប្រជាពលរដ្ឋដោយ បានដោះស្រាយផលប៉ះពាល់ចំពោះអ្នកកាន់កាប់ដីធ្លីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ អោយមករស់នៅក្នុងតំបន់ថ្មី ដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមានផ្លូវលំ សាលារៀន មន្ទីរពេទ្យសេវាទឹក ស្អាតនិងអគ្គិសនីជាដើមផងដែរ ។

សូមជម្រាបថា គ្រឿងឧបភោគ បរិភោគដែលយកទៅចែកជូនដលបងប្អូនប្រជាពលរដ្ឋជាង ៥០០គ្រួសារនាពេលនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី ១កេសធំ ត្រីខ ១កេសធំ និងថវិការ ១លាន៤០០ពាន់រៀល ៕KLD

ព័ត៌មានពេញនិយម