ខេត្តសៀមរាប៖ អាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប បាន បញ្ជាក់អំពីប្រវត្តដី របស់លោក គង់ មង្គល និងសិទ្ធិក្នុងការអាស្រ័យផល ក្រោយអនុក្រិត្យកាត់ឆ្វៀល ដើម្បីបញ្ជៀសការយល់ច្រឡំ ដល់អ្នកសារព័ត៌មានជាតិ។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ នៃក្រុងសៀមរាប នៅ ព្រឹកថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៤នេះ បានបរិយាយថា ដីក្នុងភូមិសាស្ត្រទំនប់៧៨ តំបន់២ ពេលបច្ចុប្បន្ននេះ ដែលមួយផ្នែកធំជារបស់ពលរដ្ឋក្នុងសង្កាត់ និងមួយផ្នែកជារបស់លោក គង់ មង្គល ដីនេះពីដើមឡើយគឺជាវាលស្រែល្ហល្ហេវមិនមានព្រៃនោះឡើយ។ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលសម្រេចអោយអាជ្ញាធរថ្នាក់ក្រោមវាស់ចែកជូនប្រជាជននិវត្តន៍ មួយគ្រួសារកន្លះហិកតាដាំដុះអាស្រ័យផល។ តែដោយតំបន់នោះខ្វះខាតទឹកស្រោចស្រព្វ ពលរដ្ឋមួយចំនួនក៍ទុកចោលចេញទៅរកស៊ីនៅតំបន់ផ្សេង ធ្វើអោយដីនេះមានព្រៃដុះវិញខ្លះៗ។ លោកបន្តថាស្របពេល នោះលោកគង់ មង្គល ជាប្រធានសហគមន៍ជ្រាវ ផងនិងប្រធានសហគមន៍បឹងពារាំងផង ក៍បានប្រមូលទិញដើម្បីអោយសមាជិកក្នុងសហគមន៍ធ្វើស្រែបន្ត។លុះឆ្នាំ២០១១រដ្ឋាភិបាលបានបង្កើតអាជ្ញាធរបឹងទន្លេសាប ហើយឃើញដីខាងលើមានព្រៃខ្លះៗ ក៍សម្រេចកាត់ឆ្វៀលដីទាំងនេះទៅជាតំបន់៣ ដើម្បីរក្សាព្រៃជាជម្រកត្រីពង។
លោកចៅសង្កាត់ ដ៍មានវ័យចំណាស់ បានបន្ថែមថាដោយមើលឃើញថា ដីខាងលើជាប្រភេទដីស្រែសម្រាប់អាស្រ័យផលដំណាំស្រូវ របស់ពលរដ្ឋតាំងពីយូលង់ ហើយពុំមែនជាព្រៃដែលចាំបាច់ត្រូវរក្សាទុកអាជ្ញាធរក្រុង.ខេត្ត ជាមួយមន្ទីរពាក់ពន្ធ័បានធ្វើការជួបប្រជុំជាច្រើនដង សុំការអនុញាត កាត់ឆ្វៀលមកជាតំ បន់២ដើម្បីផ្តល់ជូនពលរដ្ឋអាស្រ័យផលដូចដើមវិញ។ លោកបញ្ជាក់ទៀតថា ជាមួយគ្នានេះនៅ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចេញអនុក្រិត្យលេខ៨៨អនក្រ.បកចុះថ្ងៃទី២ខែឧសភាឆ្នាំ២០២៣ ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពី ការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់ ៣ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគមនិងស្រុកជីក្រែង ខេត្តសៀមរាប។
លោកចៅសង្កាត់បញ្ជាក់បន្ថែមថា សជណ ទីស្តីការគណ: រដ្ឋមន្ត្រី លេខ៤៦២ សជណ.ដប ត្រង់ចំណុច១បានបញ្ជាក់ថា លុបវិសាលភាពនៃការអនុវត្តសារាចរណែនាំលេខ០២ សរណចុះថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៣ស្តីពីការផ្តល់បណ្ណ័កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលបានកាន់កាប់និងប្រើប្រាស់ជាក់ស្តែង។
.យោងអនុក្រិត្យរបស់រាជរដ្ឋាភិបាល ទាំងពលរដ្ឋ ទាំងលោកគង់ មង្គល មានសិទ្ធិគ្រប់គ្រាន់ក្នុងការកែសម្រួលផ្ទៃដីរបស់ខ្លួន ដើម្បីអាស្រ័យផល អីចឹងទេ សូមអ្នកសារព័ត៍មានជាតិគ្រប់ស្ថាប័ន ជ្រាបជាព័ត៍មាន និងកុំមានការយល់ច្រឡំ។
ដោយឡែក លោក គង់ មង្គល ដែលជាម្ចាស់ដីស្របច្បាប់ក៍បានបញ្ជាក់ផងដែរថា ដីរបស់លោកគឺមានប្រវត្តដូចលោកចៅសង្កាត់បញ្ជាក់យ៉ាងដូច្នេះបែបនេះមែន។ បន្ទាប់ពីរដ្ឋាភិបាលចេញអនុក្រិត្យកាត់ឆ្វៀលពីតំបន់៣ មកជាតំបន់២ដល់ពលរដ្ឋ រូបលោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការកែប្រែផ្ទៃដី ដើម្បីអាស្រ័យផលដូចពលរដ្ឋដទៃទៀតដែរ។
លោកគង់ មង្គល បញ្ជាក់ថា ដីរបស់លោកមានគណ: កម្មការចម្រុះចុះវាស់វែងផ្តល់អោយត្រឹមត្រូវពុំមែនរូបលោកដើរចង្អុរយកនោះឡើយ។ អីចឹងទេសូមស្ថាប័នពាក់ពន្ធ័ ពិសេសអ្នកសារព័ត៍មាន មេត្តាពិនិត្យឯកសារ និងអនុក្រិត្យអោយបានច្បាស់ ជៀសវៀងការបរិយាយខុសពីការពិត នាំអោយប៉ះពាល់ដល់កិត្តិយស និងសិទ្ធិអ្នកដទៃ៕KD