Friday, October 18, 2024

សមត្ថកិច្ចឱ្យដឹងពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យនារីស្រស់ស្អាតពីរនាក់ ស្លាប់និងរបួស ក្បែរសណ្ឋាគារសុខាអង្គរ

ខេត្តសៀមរាប៖ នៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2024 វេលា ម៉ោង 03 និង 10 នាទី មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និង ម៉ូតូ នៅលើផ្លូវព្រះសីហមុនី ត្រង់ចំណុច ខាងជើងស្តុបស៉ីវុត្ថា ចម្ងាយ 80មែត្រ ក្បែរសណ្ឋាគារសុខាអង្គរ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឱ្យនារីស្រស់ស្អាតម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ សមត្ថកិច្ចថា ម៉ូតូម៉ាក Zoomer X ពណ៌ ស លឿង  ផ្លាកលេខ ឧ.មានជ័យ 1C-7981 បើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយឈ្មោះរឿន ថារី ភេទស្រី អាយុ 19 ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងអ្នករួមដំណើរឈ្មោះ អ៊ី ថូង ភេទ ស្រី អាយុ 19 ឆ្នាំ រស់នៅភូមិ ជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ បានបុកជាមួយរថយន្តដឹកអ្នកដំណើរ VIP ម៉ាក Mitsubishi ពណ៌ ក្រហម ស ផ្លាកលេខ ភ្នំពេញ 3B-1863 បើកបរក្នុងទិសដៅពីកើតបត់ឆ្វេងទៅត្បូង ដោយឈ្មោះ រី សារ៉ុង ភេទប្រុស អាយុ 32 ឆ្នាំ រស់នៅភូមិកណ្ដៀង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឲ្យ ភាគីម៉ូតូ ស្លាប់ម្នាក់ ឈ្មោះរឿន ថារី ជាអ្នកបើកបរ និងរបួសធ្ងន់ម្នាក់ ឈ្មោះ អ៊ី ថូង ជាអ្នករួមដំណើរ ,ខូចខាតម៉ូតូ មធ្យម និង ខូចខាតរថយន្តមធ្យម។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុ ជំនាញបានចុះធ្វើការវាស់វែង ប្រគល់សាកសពបានជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកំពុងរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការ។ សមត្ថកិច្ចពុំទាន់អាចបញ្ជាក់អំពីមូលហេតុ ដែលបណ្ដាលឲ្យមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ នៅឡើយទេ ដោយគ្រាន់តែប្រាប់ថា ជារបាយការណ៍បឋម និងកំពុងស្រាយជ្រាវបន្ត៕KD

ព័ត៌មានពេញនិយម